
កងទ័ពអ៊ីស្រាអែល នៅថ្ងៃអង្គារ (ទី ៣១ ខែតុលា)នេះ បានបញ្ចេញវីដេអូ ដើម្បីបង្ហាញពីអ្វី ដែលខ្លួនបានអះអាងថា ជាការវាយប្រហារតាមអាកាសលើហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហេសបូឡា (Hezbollah) នៅប្រទេសលីបង់។
យោធាអ៊ីស្រាអែល បានឲ្យដឹង តាមរយៈការបង្ហោះ នៅលើកម្មវិធីផ្ញើសារ Telegram ថា យន្តហោះចម្បាំងអ៊ីស្រាអែល «បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធក្រុមភេរវករហេសបូឡា នៅប្រទេសលីបង់ ដោយនោះក្នុងរួមមានអាវុធ ប៉ុស្តិ៍ និងទីតាំងដែលប្រើប្រាស់ដោយក្រុមហេសបូឡា។ ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ពីទីតាំង ឬកាលបរិច្ឆេទ ដែលវីដេអូនេះត្រូវបានថត ដោយឯករាជ្យនោះឡើយ។
ក្រុមហេសបូឡារបស់ប្រទេសលីបង់ បាននិងកំពុងបាញ់តគ្នាទៅវិញទៅមកជាមួយកងកម្លាំងអ៊ីស្រាអែលឆ្លងព្រំដែន ចាប់តាំងពីសម្ព័ន្ធមិត្តប៉ាឡេស្ទីនរបស់ខ្លួន គឺក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា និងអ៊ីស្រាអែល បានផ្ទុះសង្គ្រាមជាមួយគ្នា កាលពីថ្ងៃទី៧ ខែតុលា។
អំពើហិង្សានៅតាមព្រំដែន រវាងអ៊ីស្រាអែល និងលីបង់ បានកើនឡើងយ៉ាងខ្លាំងក្លាបំផុត ចាប់តាំងពីក្រុមហេសបូឡា និងយោធាអ៊ីស្រាអែល បានធ្វើសង្គ្រាមដ៏ធំមួយ ក្នុងឆ្នាំ២០០៦៕