បាតុករកាណាដារាប់រយនាក់ បានចុះទៅតាមដងផ្លូវនានាក្នុងទីក្រុង Toronto កាលពីថ្ងៃអាទិត្យ (ទី២៩ តុលា) ដើម្បីទាមទារឲ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ខណៈដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតែបន្តកើនឡើង។

ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានអគ្គកុងស៊ុលសហរដ្ឋអាមេរិកសម្រាប់ការជួបជុំនេះ ដែលរៀបចំដោយចលនាយុវជនប៉ាឡេស្ទីនក្រុង Toronto។ Yara Shoufani សមាជិកនៃក្រុមនេះ បាននិយាយថា ពួកគេ ក៏កំពុងអំពាវនាវឲ្យ«បញ្ចប់ទាំងការផ្តល់មូលនិធិ និងការគាំទ្រពីសហរដ្ឋអាមេរិក និងកាណាដា និងការជួយដល់អំពើប្រល័យពូជសាសន៍របស់អ៊ីស្រាអែល»។
ក្រុមសមាជិកនៃសំឡេងជ្វីហ្វឯករាជ្យ បានចូលរួមការតវ៉ា ហើយបានរិះគន់អ្វីដែលពួកគេនិយាយថា ជាអំពើប្រល័យពូជសាសន៍ ដែលកំពុងធ្វើឡើង ក្នុងនាមពួកគេ។

ការតវ៉ាជាអន្តរជាតិ បាននិងកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ជាមួយនឹងបាតុកម្មទ្រង់ទ្រាយធំ នៅក្នុងទីក្រុងនានា ដូចជាទីក្រុងឡុងដ៍ និងញូវយ៉ក អំពាវនាវឲ្យ«បញ្ឈប់ការវាយប្រហារជាលក្ខណៈមនុស្សធម៌» ដើម្បីអនុញ្ញាតឲ្យមានជំនួយនៅក្នុងតំបន់ហ្គាហ្សា។
អ៊ីស្រាអែល បានបង្ហាញចេតនាឡោមព័ទ្ធទីក្រុងសំខាន់របស់តំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យ ដោយបានផ្សព្វផ្សាយរូបភាពនៃរថក្រោះប្រយុទ្ធ នៅលើឆ្នេរខាងលិចរបស់ប៉ាឡេស្ទីនរយៈពេល ៤៨ម៉ោង បន្ទាប់ពីបានបញ្ជាឲ្យពង្រីកការលុកលុយតាមព្រំដែនភាគខាងកើតរបស់ខ្លួននោះ។