ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្តេចបានអញ្ជើញទស្សនាការផ្សាយផ្ទាល់ចម្រៀងគ្រួសារខ្មែរកាលពីយប់មិញនេះ សម្តេចបានចូលទៅសរសេរបញ្ចេញនូវទស្សនប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ថា ប្រទេសយើងក្រ តែយើងមិនក្រ ខាងការគិតគូរនិងរកវិធីការពារអាយុជីវិតប្រជាជនយើងនោះឡើយ។
ជាមួយនឹងការអរគុណ និងសរសើរកូនៗ ក្មួយៗក្រុមចម្រៀងគ្រួសារខ្មែរ ដែលបានតែងនិពន្ធ និងច្រៀងគាំទ្រ ដល់ចលនាជាតិ ប្រយុទ្ធជាមួយកូវីដ១៩ សម្តេចបានសរសេរថា ប្រសិនពុំមានអ្វីប្រែប្រួលទេ វ៉ាក់សាំងនឹងមកដល់ថែមទៀត។ ប្រទេសយើងក្រ តែយើងមិនក្រ ខាងការគិតគូរនិងរកវិធីការពារអាយុជីវិតប្រជាជនយើងនោះឡើយ។សម្តេចបានបញ្ជាក់ឱ្យដឹងដែរថា នៅថ្ងៃនេះ វ៉ាក់សាំងមកដល់១លានដូស ក្នុងនោះស៊ីណូវ៉ាក់៥០ម៉ឺនដូស និងស៊ីណូហ្វាម ៥០ម៉ឺនដូស សរុបចំនួន១លានដូស។
ទន្ទឹមនេះសម្តេចក៏ធ្លាប់បញ្ជាក់ថា វ៉ាក់សាំងនឹងមកដល់កម្ពុជាជាបន្តបន្ទាប់ គឺនៅថ្ងៃទី១២មិថុនាខាងមុខនេះ ចំនួន១លានដូស ,និងថ្ងៃទី១៩មិថុនា ១លានដូស។
សូមរម្លឹកថា សម្រាប់ការចាក់វ៉ាក់សាំងនៅក្នុងក្របខណ្ឌទូទាំងប្រទេស បើតាមក្រសួងសុខាភិបាលបានបញ្ចេញនូវព័ត៌មានថ្ងៃទី៨ មិថុនានេះ ការចាក់វ៉ាក់សាំងកូវីដ១៩ គិតត្រឹមថ្ងៃទី៧ខែមិថុនា ការចាក់ដូសទី១សម្រេចបាន២លាន៧សែន៦ម៉ឺន៦ពាន់១៩៨នាក់ និងដូសទី២បានចំនួន ២លាន ២សែន ៣ពាន់ ៧៤៤នាក់ហើយ៕
អត្ថបទ៖ មុត សុទ្ធ