
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទ (ទី៣០ ខែតុលា) បានសាទរ ចំពោះកិច្ចព្រមព្រៀងបណ្តោះអាសន្ន ដែលសម្រេចបាន រវាងក្រុមហ៊ុនផលិតរថយន្ត General Motors និងសហជីព United Auto Workers (UAW) ក្នុងគោលបំណងបញ្ចប់កូដកម្មរបស់កម្មកររថយន្ត។
នៅឯព្រឹត្តិការណ៍ស្តីពីបញ្ញាសិប្បនិមិត្ត (AI) ក្នុងសេតវិមាន លោក Biden បានធ្វើការកត់សម្គាល់របស់លោក ដោយនិយាយថា កិច្ចព្រមព្រៀងនេះ គឺជាព័ត៌មានផ្នែកសេដ្ឋកិច្ចដ៏ល្អមួយទៀត ហើយធានាថា ក្រុមហ៊ុនផលិតរថយន្ត Big Three ឬក្រុមហ៊ុនផលិតរថយន្តធំទាំងបី នៅតែអាចនាំមុខលើផ្លូវនៃគុណភាព និងនវានុវត្តន៍។
ក្រុមហ៊ុន General Motors និងសហជីព UAW បានឲ្យដឹងថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ កាលពីថ្ងៃចន្ទ ដែលនឹងបញ្ចប់យុទ្ធនាការរយៈពេល ៦សប្តាហ៍ ដែលមិនធ្លាប់មានពីមុនមករបស់សហជីពនៃការធ្វើការកូដកម្មយ៉ាងស្រុះគ្នា ដែលទទួលបានការដំឡើងប្រាក់ឈ្នួលខ្ពស់បំផុត សម្រាប់កម្មករ នៅរោងចក្រផលិតរថយន្ត Detroit Three៕