
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃចន្ទ (ទី៣០ ខែតុលា) បានលើកឡើងថា ប្រទេសរបស់លោកស្រី ត្រូវបាន «ធ្វើឲ្យខកចិត្ត» ដោយស្ថាប័នពិភពលោកមួយនេះ ដោយនិយាយថា បណ្ដាប្រធានទីភ្នាក់ងាររបស់ស្ថាប័ន មិនបានធ្វើការឲ្យបានគ្រប់គ្រាន់ដើម្បីថ្កោលទោសចលនាអ៊ីស្លាមនិយម គឺក្រុមហាម៉ាស និងការកើនឡើងនូវការប្រឆាំងនឹងពួកជ្វីហ្វនោះទេ។
ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល លោកស្រី Meirav Eilon Shahar បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំត្រូវតែនិយាយ ដោយជាក់ស្ដែង អង្គការសហប្រជាជាតិ បានធ្វើឲ្យប្រជាជនអ៊ីស្រាអែលខកចិត្ត» ដោយលោកស្រីនិយាយថា ប្រធានទីភ្នាក់ងារខ្លះ មិនបានថ្កោលទោស ចំពោះការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ពោលគឺជាពេលដែលក្រុមហាម៉ាស បានសម្លាប់មនុស្ស ១.៤០០នាក់ និងចាប់ជាចំណាប់ថ្នូរជាង ២០០នាក់ថែមទៀតផង។
បើយោងតាមអាជ្ញាធរសុខាភិបាល នៅតំបន់ហ្គាហ្សា បានឲ្យដឹងថា ចាប់តាំងពីការវាយប្រហារបង្ហូរឈាមរបស់ពួកហាម៉ាសមក អ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងការវាយប្រហារតាមអាកាស និងការវាយលុកផ្លូវគោក ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៨.០០០នាក់ រហូតមានការអំពាវនាវឲ្យមានបទឈប់បាញ់ ឬយ៉ាងហោចណាស់ផ្អាកប្រយុទ្ធ ដើម្បីបុព្វហេតុមនុស្សធម៌ ពីបណ្ដាមជ្ឈដ្ឋាននានា និងសូម្បីតែពីអ្នកគាំទ្រដ៏ជិតស្និទ្ធបំផុតមួយចំនួនរបស់អ៊ីស្រាអែលផងដែរ។
ការអត្ថាធិប្បាយរបស់លោកស្រី Eilon Shahar កើតមានឡើងបន្ទាប់ពីមានការរិះគន់របស់អ៊ីស្រាអែលលើប្រមុខ UN លោក Antonio Guterres ដែលខ្លួនបានចោទប្រកាន់ថា បានបង្ហាញពីភាពត្រឹមត្រូវនៃការវាយប្រហាររបស់ក្រុមហាម៉ាសមកលើអ៊ីស្រាអែល។ លោក Guterres បានច្រានចោលការចោទប្រកាន់នោះ ដោយហៅអ៊ីស្រាលថា បានបំភ័ន្តនៃសុន្ទរកថារបស់លោក៕