កំពង់ឆ្នាំង ៖ ផ្ទះចំនួន៣ខ្នង ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាបិតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន នៅព្រឹកថ្ងៃទី៣១ ខែតុលា ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារី អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី បានអញ្ជើញកាត់ខ្សែបូ ប្រគល់ផ្ទះចំនួន៣ខ្នង ជូនម្ចាស់ផ្ទះចូលរស់នៅ។
មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បានថ្លែងថា ព្រះរាជអំណោយផ្ទះ៣ខ្នង ដ៏ឧត្តុង្គឧត្តមរបស់ហ្លួងម៉ែនាពេលនេះ ត្រូវបានប្រគល់ជូនដល់ ទី១.លោកយាយ កែ យី អាយុ ៦៧ឆ្នាំ ជាចាស់គ្មានទីពឹង (ពិការជើងម្ខាង) រស់នៅភូមិពារាំង ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងទទួលបានផ្ទះ១ខ្នង ទំហំ៤m x ៦m សង់ពីថ្ម ប្រក់ស័ង្កសី តតាកមុខផ្ទះ មានចង្ក្រានបាយ និងបន្ទប់ទឹកក្រោយផ្ទះ, ចាក់សាបជុំវិញផ្ទះ សរុបតម្លៃ 6,500ដុល្លារ។ ទី២.អ្នកស្រី ឡឹម ញ៉ឹប អាយុ ៤៧ឆ្នាំ ជាស្រ្តីមេម៉ាយក្រីក្រ មានកូន៣នាក់ក្នុងបន្ទុក រស់នៅភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលបានផ្ទះ១ខ្នង ទំហំ ៦m x ៧m សង់ពីថ្ម ប្រក់ស័ង្កសី តតាកមុខផ្ទះ មានចង្ក្រានបាយ និងបន្ទប់ទឹកក្រោយផ្ទះ, ចាក់សាបជុំវិញផ្ទះ សរុបតម្លៃ 7,000 ដុល្លារ និងទី៣លោកយាយ គ្រែក ហ៊ី អាយុ ៦៩ឆ្នាំ ជាចាស់ឥតទីពឹង រស់នៅភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលបានផ្ទះ១ខ្នង ទំហំ ៤m x ៦m សង់ពីថ្ម ប្រក់ស័ង្កសី តតាកមុខផ្ទះ មានចង្ក្រានបាយ និងបន្ទប់ទឹកក្រោយផ្ទះ, ចាក់សាបជុំវិញផ្ទះ សរុបតម្លៃ 6,500 ដុល្លារ។
សូមបញ្ជាក់ថាផ្ទះទាំង៣ខ្នងដែលបានប្រគល់ជូនខាងលើនេះ មានទំហំទៅតាមចំនួនសមាជិកនៅក្នុងគ្រួសារ ដោយផ្ទះមានសមាជិកច្រើនមានទំហំធំជាង គ្រួសារដែលមានសមាជិកតិច ហើយផ្ទះនីមួយៗទទួលបាននូវ សម្ភារសង្កត់ផ្ទះមួយចំនួន និងថវិកាចំនួន៥០ម៉ឺនរៀល។
បន្ទាប់ពីកម្មវិធីប្រគល់-ទទួលផ្ទះខាងលើនេះ, លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងគណៈប្រតិភូកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកដល់ចាស់ឥតទីពឹងចំនួន២០គ្រួសារ រស់នៅភូមិពារាំង ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ឃីត១កញ្ចប់ (មាន សារ៉ុង ក្រម៉ា ម៉ុង ភួយ) និងថវិកា២ម៉ឺនរៀល។
គួររម្លឹកថាកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានដឹកនាំ និងអនុវត្ដយ៉ាងខ្ជាប់ខ្ជួន ក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ និងងាយរងគ្រោះបំផុត នៅទូទាំងប្រទេស ដោយមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់ជារៀងរាល់ឆ្នាំ៕ អត្ថបទ ៖ សំ ងីម























