ភ្នំពេញ ៖ វិនិយោគិនបរទេស ដែលកំពុងដំណើរការផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទនៅកម្ពុជា បានកោតសរសើរចំពោះការដឹកនាំនយោបាយរបស់រាជរដ្ឋាភិបាល ដែលធានាបានស្ថិរភាព និងសន្តិសុខដល់ការវិនិយោគរបស់ខ្លួន។
ការលើកឡើងរបស់វិនិយោគិនយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសទទួលទស្សនកិច្ចអញ្ជើញរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យដំណើរការផលិតគ្រឿងសង្ហារឹមនៅក្រុមហ៊ុនសានី ខេមបូឌា ហ្វើនីឈ័រ ក្នុងតំបន់សេដ្ឋកិច្ចពិសេសស៉ីនបាវិត ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
នាឱកាសនោះ លោក HSEIH CHIH TONG ប្រធានក្រុមហ៊ុនសានី ខេមបូឌា ហ្វើនីឈ័រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនូវដំណើរទស្សនកិច្ចមកកាន់រោងចក្ររបស់ខ្លួន ដែលទស្សនកិច្ចជាការលើកទឹកចិត្តបន្ថែមដល់ការវិនិយោគរបស់រោងចក្រ។ លោក បន្តថា មុនឈានឈានដល់ការបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រគ្រឿងសង្ហារឹមក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដោយសារភូមិសាស្រ្តតំបន់នេះមានកម្លាំងពលកម្មគ្រប់គ្រាន់ ហើយថែមទាំងមិនត្រូវបានប្រើប្រាស់ពេលវេលាយូរ និងឆ្ងាយសម្រាប់ការដឹកជញ្ជូនទៅកាន់ប្រទេសចិន មិនបញ្ជូនទៅផ្សារតំបន់ និងអឺរ៉ុប។
ប្រធានក្រុមហ៊ុនរូបនេះ បញ្ជាក់ថា កត្តាដែលនាំឲ្យសង្វាក់ផលិតកម្មអាចបន្តឈរជើងបានជាច្រើនឆ្នាំកន្លងមកនេះ ផ្អែកលើនយោបាយរបស់កម្ពុជា ដែលធានាបាននូវស្ថិរភាព និងសន្តិសុខ បើធៀបនឹងបណ្តាជិតខាងនៅក្នុងតំបន់អាស៊ាន។
ប្រធានក្រុមហ៊ុន បញ្ជាក់ទៀតថា គិតមកទល់ពេលនេះក្រុមហ៊ុនបានផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទតាមតម្រូវការរបស់អ្នកបញ្ជាទិញ ដែលយ៉ាងហោចណាស់មានទំនិញ៥ទៅ៦ពាន់ប្រភេទត្រូវបានផលិតហើយនាំចេញទៅក្រៅប្រទេស ដូចជា អាមេរិកជាដើម។
ជាមួយគ្នា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហាញការពេញចិត្តចំពោះការផលិតដ៏សម្បូរបែបលើគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលនេះបញ្ជាក់ថា ការវិនិយោគលើវិស័យឧស្សាហ៍កម្មនៅកម្ពុជាមានគ្រប់មុខទំនិញ។ លើសពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានស្នើដល់ក្រុមហ៊ុនធ្វើការពង្រីករោងចក្របន្ថែមទៀត ដើម្បីផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋ។
ជាការឆ្លើយតប ប្រធានក្រុមហ៊ុនរូបនេះ បានប្តេជ្ញានឹងខិតខំផ្សព្វផ្សាយ និងណែនាំដល់អ្នកវិនិយោគបរទេសឲ្យមកបណ្តាក់ទុននៅកម្ពុជាថែមទៀត ក្នុងគោលដៅពង្រីកកម្លាំងពលកម្ម និងបង្កើនការវិនិយោគ ខណៈក្រុមហ៊ុនបានវិនិយោគលើការផលិតគ្រឿងសង្ហារឹមដោតថវិកាចំនួនជាង១៦០លានដុល្លា៕ ដោយ ៖ ឧត្ដម