ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ ប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញ បានចំនួនជាង១២ ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង ៣ ពាន់លានដុល្លារ ស្មើនឹង ៨៥,៧០ ភាគរយនៃផែនការប្រចាំឆ្នាំ២០២៣។
ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារ លើកឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រមូលចំណូលប្រចាំ ខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ ២០២៣នេះថា លទ្ធផលប្រមូលពន្ធក្នុងខែកញ្ញា ឆ្នាំ ២០២៣ នេះ ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែង តាមប្រព័ន្ធគ្រប់ គ្រងទិន្នន័យចំណូលអនឡាញ បានចំនួនជាង ១ ពាន់ប៊ីលានរៀល ត្រូវប្រមាណ ២៥៥ លានដុល្លារ ស្មើជាង ៧ ភាគរយ នៃផែនការ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។
ទាក់ទងការប្រមូលចំណូលនេះ បើគិតសរុបក្នុងរយៈពេល ៣ ត្រីមាស ក្នុងឆ្នាំ ២០២៣, អគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួនជាង ១១ ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង ២ ៨០៦ លានដុល្លារ ស្មើនឹង ៧៨,៥៧ ភាគរយ នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ក្នុងនោះបើត្រឹមថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០២៣ នេះវិញ ការប្រមូលចំណូលសម្រេចបានជាង ១២ ពាន់ប៊ីលានរៀលត្រូវជា៣ ០៦០ លានដុល្លារស្មើនឹង ៨៥,៧០ ភាគរយ នៃផែនការប្រចាំឆ្នាំ២០២៣។
ជុំវិញការប្រមូលចំណូលនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន ផ្តល់នូវអនុសាសន៍ណែនាំសម្រាប់ជាទិសដៅអនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ជាពិសេសការងារអាទិភាពសំខាន់ៗ ក្នុងការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាអ្នកជាប់ពន្ធ ការដាក់ចេញនូវអាទិភាពការងារ និងដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិស័យ ឯកជន ក៏ដូចជាសាធារណជនទូទៅ ការលើកកម្ពស់ការយល់ដឹងនិងការអប់រំអំពីពន្ធដារ ការពង្រឹងការបំពេញ ការងារដោយផ្អែកលើ និយាមនីតិវិធីប្រតិបត្តិការងារ លើគ្រប់ប្រភេទការងារ និងប្រភេទពន្ធ ព្រមទាំងដាក់ចេញនូវអនុសាសន៍គន្លឹះមួយចំនួនទៀត សម្រាប់ ការងារកែទម្រង់ជាលក្ខណៈប្រព័ន្ធផងដែរ។
បន្ថែមពីលើនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានគាំទ្រលើការដាក់ចេញនូវចក្ខុវិស័យនៃការធ្វើបរិវត្តកម្មឌីជីថលរដ្ឋបាលសារពើពន្ធ ដើម្បីកែប្រែអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ទៅជារដ្ឋបាលសារពើពន្ធជំនាន់ ៣.០ ស្របទៅតាមបរិការណ៍វិវត្តនៃរដ្ឋបាលសារពើពន្ធ ក្នុងសកលលោក៕អត្ថបទ៖ សុន រ៉ាឌី