
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេសកូឡុំប៊ី លោក Francisco Barbosa បាននិយាយថា ជារឿងអាចទៅរួច ដែលឪពុករបស់កីឡាករនៃក្រុមហង្សក្រហម Liverpool គឺខ្សែប្រយុទ្ធ Luis Diaz ត្រូវបាននាំខ្លួនទៅកាន់ប្រទេសវ៉េណេហ្សុយអេឡា បន្ទាប់ពីត្រូវបានចាប់ជំរិត។
លោក Barbosa បានបញ្ជាឲ្យមានការស៊ើបអង្កេត ដើម្បីតាមរកអ្នកចាប់ជំរិត និងហេតុផលរបស់ពួកគេ។ នគរបាលជាតិរបស់ប្រទេសកូឡុំប៊ី បានផ្តល់រង្វាន់នូវទឹកប្រាក់ចំនួន ៤៨.៥០០ដុល្លារ សម្រាប់ការប្រាប់ពីតម្រុយណាមួយ ដែលឈានទៅដល់ការជួយសង្គ្រោះជនរងគ្រោះ។
កីឡាករ Diaz ត្រូវបានអនុញ្ញាតឲ្យចាកចេញពីក្រុម សម្រាប់ការប្រកួតក្នុងក្របខ័ណ្ឌ Premier League នៅទឹកដីខ្លួនឯង កាលពីថ្ងៃអាទិត្យ ទល់នឹងក្រុម Nottingham Forest បន្ទាប់ពីឪពុកម្តាយរបស់ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះ ត្រូវបានចាប់ពង្រត់ នៅកូឡុំប៊ី។
ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បាននិយាយ កាលពីល្ងាចថ្ងៃសៅរ៍ (ទី២៨ ខែតុលា) ថា ម្តាយរបស់កីឡាករ Diaz ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីពួកគាត់ត្រូវបានចាប់ពង្រត់ នៅភាគខាងជើងប្រទេសកូឡុំប៊ី ប៉ុន្តែក្រុមមន្ត្រីនៅតែស្វែងរកឪពុករបស់គេ ដែលកំពុងបាត់ខ្លួន៕