
ប្រភពសន្តិសុខ បាននិយាយថា គ្រាប់រ៉ុក្កែត Katyusha ចំនួន៤គ្រាប់ កាលពីថ្ងៃចន្ទ បានបាញ់ទៅលើមូលដ្ឋានទ័ពអាកាស Ain al-Asad របស់ប្រទេសអ៊ីរ៉ាក់ ដែលជាទីតាំងសម្រាប់កងកម្លាំងអាមេរិក និងកងកម្លាំងអន្តរជាតិផ្សេងទៀត នៅប្រទេសអ៊ីរ៉ាក់ភាគខាងលិច។
វាមិនទាន់ច្បាស់នៅឡើយទេថា តើការវាយប្រហារនេះ បានបណ្តាលឲ្យមានអ្នកស្លាប់ ឬខូចខាតអ្វីនោះទេ ហើយមន្ត្រីយោធាពីរនាក់ បាននិយាយថា គ្រាប់រ៉ុក្កែត អាចនឹងធ្លាក់ខុសពីមូលដ្ឋាននេះ។
ប្រភពសន្តិសុខពីរ បាននិយាយថា គ្រាប់រ៉ុក្កែត ត្រូវបានបាញ់ចេញពីតំបន់វាលខ្សាច់ប្រហែល ២៥ គីឡូម៉ែត្រ (១៥ម៉ាយ) ភាគខាងជើងនៃមូលដ្ឋាននេះ ហើយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានបើកការស្វែងរកអ្នកវាយប្រហារទាំងនោះ។
មានការកើនឡើងនៃការវាយប្រហារលើកងកម្លាំងអាមេរិក ចាប់តាំងពីជម្លោះក្នុងប្រទេសអ៊ីស្រាអែល បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ហើយក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ បានគំរាមវាយប្រហារលើផលប្រយោជន៍របស់សហរដ្ឋអាមេរិកជាមួយនឹងមីស៊ីល និងយានដ្រូន ប្រសិនបើទីក្រុងវ៉ាស៊ីនតោនធ្វើអន្តរាគមន៍គាំទ្រអ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សានោះ។