
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ បានព្យាយាមស្តីបន្ទោសលោកខាងលិចចំពោះវិបត្តិនៅមជ្ឈិមបូព៌ា ដែលអ៊ីស្រាអែល កំពុងទម្លាក់គ្រាប់បែក នៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីព្យាយាមលុបបំបាត់ក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលបានសម្លាប់មនុស្សប្រហែល ១.៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិលក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។
នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ទៅកាន់កិច្ចប្រជុំនៃសមាជិកក្រុមប្រឹក្សាសន្តិសុខរបស់ខ្លួន និង រដ្ឋាភិបាល និងប្រមុខភ្នាក់ងារអនុវត្តច្បាប់ លោក ពូទីន បាននិយាយថា៖«ក្រុមឥស្សរជនដែលកំពុងកាន់អំណាចរបស់សហរដ្ឋអាមេរិក និង «ផ្កាយរណប» របស់ពួកគេឈរ នៅពីក្រោយការសម្លាប់ប៉ាឡេស្ទីនរនៅតំបន់ហ្កាហ្សា និងនៅពីក្រោយជម្លោះនៅអ៊ុយក្រែន អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងស៊ីរី»។
«ពួកគេត្រូវការភាពចលាចលឥតឈប់ឈរនៅមជ្ឈិមបូព៌ា។ ដូច្នេះហើយ (សហរដ្ឋអាមេរិក) ប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះប្រទេសទាំងនោះ ដែលទទូចឲ្យមានការឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្កាហ្សាស្ទ្រីប លើការបញ្ឈប់ការបង្ហូរឈាម ហើយត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកពិតប្រាកដក្នុងការដោះស្រាយវិបត្តិ ហើយកុំទាញយកផលប្រយោជន៍ពីវានេះ»។
ប្រទេសរុស្ស៊ីគាំទ្របទឈប់បាញ់ភ្លាមៗ នៅតំបន់ហ្កាហ្សា និងដំណោះស្រាយរដ្ឋពីរ ហើយខ្លួនក៏បានធ្វើឲ្យអ៊ីស្រាអែល ខឹងសម្បារផងដែរ ដោយទទួលបានគណៈប្រតិភូហាម៉ាស នៅទីក្រុងម៉ូស្គូ។