
បណ្ដាអ្នកជំនាញ នៅប្រទេសម៉ិកស៊ិក បានព្រមានអំពីការកើនឡើងនៃខ្យល់ព្យុះសង្ឃរា ដោយសារតែការឡើងកម្ដៅផែនដី ដោយការព្រមាននេះ បានកើតឡើងអំឡុងសន្និសីទសារព័ត៌មានតាមអនឡាញមួយ កាលពីថ្ងៃចន្ទ (ទី៣០ ខែតុលា) ពាក់ព័ន្ធនឹងព្យុះសង្ឃរា Otis ដែលបានវាយប្រហារឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃប្រទេសម៉ិកស៊ិក។
នាយកវិទ្យាស្ថានវិទ្យាសាស្ត្របរិយាកាស និងបម្រែបម្រួលអាកាសធាតុ លោកវេជ្ជបណ្ឌិត Jorge Zavala Hidalgo បានប្រាប់អ្នកចូលរួមសន្និសីទនេះថា បើទោះបីជាតួលេខសរុបនៃខ្យល់ព្យុះសង្ឃរា មិនត្រូវបានគេរំពឹងថា នឹងមានច្រើនជាងមុនក៏ដោយ ក៏ចំនួនព្យុះសង្ឃរា ដែលមានកម្លាំងខ្លាំងជាងនេះ ត្រូវបានគេព្យាករថា នឹងកើនឡើង។
យោងតាមអ្នកជំនាញបម្រែបម្រួលអាកាសធាតុ លោក Benjamin Martinez ដែលបានចង្អុលបង្ហាញពីការកើនឡើងសីតុណ្ហភាពរបស់មហាសមុទ្រពិភពលោក បានឲ្យដឹងថា ចំនួនខ្យល់ព្យុះសង្ឃរា កំពុងកើនឡើង ដោយពាក់ព័ន្ធនឹងការឡើងកម្ដៅផែនដីដោយផ្ទាល់តែម្ដង។
ការព្រមាននេះ កើតមានឡើង ខណៈដែលប្រទេសនេះ កំពុងព្យាយាមធ្វើឲ្យប្រសើរឡើងវិញ ក្រោយរងការបំផ្លិចបំផ្លាញពីព្យុះសង្ឃរា Otis ជាព្យុះប្រភេទទី៥ ដែលបានបោកបក់មកលើទីក្រុងរមណីយដ្ឋានតំបន់ឆ្នេរ Acapulco របស់ម៉ិកស៊ិក កាលពីសប្តាហ៍មុន៕