
ជម្លោះបង្ហូរឈាម រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានឆក់យកជីវិតមនុស្សនៃភាគីទាំងសងខាងជាង ៩.៨០០នាក់ហើយ ខណៈដែលសង្គ្រាមនេះ បានឈានចូលដល់ថ្ងៃទី២៤ របស់ខ្លួន គិតត្រឹមថ្ងៃចន្ទ (ទី៣០ ខែតុលា)។
ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងនៅថ្ងៃចន្ទនោះថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ដែលមានក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៨.៣០៦នាក់។ មនុស្សសរុបចំនួន ១១៩នាក់ នៅតំបន់វ៉េសប៊ែង (West Bank) ត្រូវបានសម្លាប់ នៅក្នុងអំពើហិង្សានេះ។
សូមបញ្ជាក់ថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល ត្រូវបានធ្វើឡើង បន្ទាប់ពីមានការវាយប្រហារ ទ្រង់ទ្រាយធំយ៉ាងកំរោលពីសំណាក់ក្រុមហាម៉ាសទៅលើគោលដៅយោធា និងទីប្រជុំជននានារបស់អ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលរហូតមកដល់ពេលនេះ បានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់ ១.៤០០នាក់ នៅប្រទេសអ៊ីស្រាអែល។ នេះបើយោងតាមការឲ្យដឹងពីអាជ្ញាធរសុខាភិបាលអ៊ីស្រាអែល៕