ភ្នំពេញ ៖ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ នៅព្រឹកថ្ងៃទី៨ មិថុនា ឆ្នាំ២០២១នេះ បានដាក់ញត្តិទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្នើសុំអន្តរាគមន៍ ខណៈដែលក្រុមហ៊ុនប្រកាសនូវគម្រោងកាត់បន្ថយបុគ្គលិករហូតជាង ១ពាន់នាក់។
អ្នកនាង ឈុន សុខា អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ បានឲ្យដឹងថា ការស្នើសុំអន្តរាគមន៍ពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្វែងរកដំណោះស្រាយនេះ គឺបានប្រមូលនូវស្នាមមេដៃរបស់កម្មករនិយោជិត និងសមាជិកសហជីពសរុបជាង ២ពាន់នាក់ ដើម្បីប្តឹងទាមទារពីនិយោជកនៃក្រុមហ៊ុនណាហ្គាវើលដ៍នូវចំណុចមួយចំនួន។
លក្ខខ័ណ្ឌទាំងនោះ មានដូចជា គឺទី១ ទាមទារឲ្យក្រុមហ៊ុនបញ្ឈប់បន្ទាន់នូវគម្រោងកាត់បន្ថយបុគ្គលិក, ទីពីរទាមទារឲ្យក្រុមហ៊ុនបញ្ឈប់ការបំភិតបំភ័យបុគ្គលិកតាមរយៈកោះហៅកន្លងមក, និងទីបីទាមទារឲ្យក្រុមហ៊ុនផ្តល់ប្រាក់បំណាច់ផ្ដាច់កិច្ចសន្យាការងារឲ្យបានត្រឹមត្រូវស្របតាមច្បាប់។
សហជីពក៏ទាមទារឲ្យក្រុមហ៊ុនបន្តផ្តល់ឡើងវិញនូវប្រាក់បំណាច់អតីតភាពការងារនិងប្រាក់រំលឹកបំណាច់អតីតភាពការងារជូនបុគ្គលិកទាំងអស់ដែលកំពុងបំរើការងារ និងទាមទារឲ្យក្រុមហ៊ុនអនុវត្តវិធានការសុខាភិបាលនៅកន្លែងការងារឲ្យបានត្រឹមត្រូវស្របតាមការណែនាំក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីរួមចំណែកទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងក្រុមហ៊ុន។
អ្នកនាងឲ្យដឹងទៀតថា ប្រសិនបើ នៅតែគ្មានដំណោះស្រាយឬផ្សះផ្សារបានទៀតនោះ ក្រុមកម្មករនិយោជិត និងសមាជិកសហជីព នឹងបន្តដាក់ពាក្យបណ្តឹងថែមទៀតទៅតាមផ្លូវច្បាប់។
ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រសួងទទួលបានលិខិតរបស់សហជីពហើយ ជានីតិវិធី ក្រសួងនឹងអនុវត្តទៅតាមនីតិវិធីនៃការដោះស្រាយវិវាទនៅកម្ពុជា។ ឯកឧត្តម បន្ថែមថា ក្រសួងមិនអាចធ្វើអ្វីក្រៅនីតិវិធីនោះទេ ទោះជាជម្លោះនៅក្នុងវិស័យណាក៏ដោយ។
សូមបញ្ជាក់ថា ការទាមទារខាងលើនេះ របស់កម្មករនិយោជិត និងសមាជិកសហជីព ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន ណាហ្គាវើលដ៍ បានចាប់ដំណើរការបញ្ឈប់បុគ្គលិកចំនួនជាង១ ៣០០នាក់ ក្នុងចំណោមកម្មករនិយោជិត និងបុគ្គលិកសរុបចំនួនប្រមាណ៨ពាន់នាក់ ដោយគ្រោងប្រើពេលពី៥ទៅ៦សប្តាហ៍ បន្ទាប់ពីប្រកាសកាលពីខែមេសា ក្រោមហេតុផលដើម្បីរក្សាស្ថិរភាពអាជីវកម្មដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩៕
អត្ថបទ ឈិត បូរ៉ាវី