
នគរបាលបានឈរជើងនៅខាងក្រៅប៉ុស្តិ៍ប្រៃសណីយ៍មួយ ជាទីដែលគេជឿថា ខ្មាន់កាំភ្លើងម្នាក់ កំពុងលាក់ខ្លួន នៅទីនោះ បន្ទាប់ពីបានបាញ់ប្រហារបណ្ដាលឲ្យមនុស្ស ២នាក់ រងរបួស នៅឯមន្ទីរពេទ្យមួយ នាព្រឹកថ្ងៃអង្គារ (ទី៣១ ខែតុលា) នេះ។
ការបាញ់ប្រហារ នៅមន្ទីរពេទ្យមើលជំងឺទូទៅ Toda Chuo បានកើតឡើងភ្លាមមួយរំពេច ក្រោយម៉ោង ១រសៀល ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៤:០០ ម៉ោងសកល) ហើយបើតាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ការរងរបួសនៃជនរងគ្រោះទាំង ២នាក់ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។
ជនសង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុ ដោយជិះម៉ូតូ មុនពេលទៅសម្ងំលាក់ខ្លួន នៅប៉ុស្តិ៍ប្រៃសណីយ៍មួយ ដែលនៅចម្ងាយប្រហែល ១,៥គីឡូម៉ែត្រពីមន្ទីរពេទ្យនោះ។ អាគារជាច្រើន នៅជិតប៉ុស្តិ៍ប្រៃសណីយ៍នោះ កំពុងបិទទ្វារ ខណៈនគរបាលបញ្ជាឲ្យមនុស្សម្នានៅឲ្យឆ្ងាយពីកន្លែងកើតហេតុ។ យោងតាមសារព័ត៌មាន ក្នុងស្រុក បានឲ្យដឹងថា បុគ្គលិកស្ត្រី ២នាក់របស់ប៉ុស្តិ៍ប្រៃសណីយ៍ ដែលមានអាយុចន្លោះពី ២០ ទៅ ៣០ឆ្នាំ ស្ថិតក្នុងអគារនោះនៅឡើយ។
គួរបញ្ចាក់ដែរថា ការបាញ់ប្រហារ គឺកម្រកើតមានណាស់ នៅក្នុងប្រទេសជប៉ុន ដែលការកាន់កាប់កាំភ្លើង ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ហើយនរណាម្នាក់ ដែលចង់មានកាំភ្លើងជាកម្មសិទ្ធិ ត្រូវតែឆ្លងកាត់ដំណើរការពិនិត្យយ៉ាងហ្មត់ចត់៕