ភ្នំពេញ ៖ មន្រ្តីការិយាល័យរៀបចំដែនដីខណ្ឌជ្រោយចង្វារ ស្នើឱ្យពលរដ្ឋក្នុងស្ថិត នៅភូមិព្រែកតារ័ត្ន សង្កាត់ ព្រែកតាសេក និងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មកពិនិត្យក្បាលដីរបស់ខ្លួនក្នុងរយ:ពេល១៥ថ្ងៃ ដើម្បីជៀសវាងការយល់ច្រឡំ ការបាត់ទំហំក្បាលដី មុនពេលចេញបណ្ណកម្មសិទ្ធិ។
ថ្លៃងនៅក្នុងកម្មវិធីបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក និងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ នៅក្នុងបរិវេណវត្តសូរិយាពោធិមាស(ហៅវត្តក្តីចាស់)។ លោក ប៊ិន សូឈី អនុប្រធានមន្ទីរដែនដីរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបិទផ្សាយក្បាលដីខាងលើនេះ គឺជាដំណាក់កាលទី៣ហើយ នៃការងារចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ហើយបន្ទាប់ពីការបិទផ្សាយរយៈ១៥ថ្ងៃនេះផុតទៅ បើគ្មានការប្តឹងជំទាស់ទេនោះ មន្ត្រីជំនាញនឹងចេញបណ្ណកម្មសិទ្ធិជូនទាំងអស់តែម្តង សរុបមានចំនួន ១២៦៥ ក្បាលដី សម្រាប់ពលរដ្ឋ នៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក និងភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ។ លោក អំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ មកពិនិត្យហទំហំ ទីតាំងក្បាលដី និងពិនិត្យឈ្មោះឲ្យបានត្រឹមត្រូវ ជៀសវាងការចេញបណ្ណកម្មសិទ្ធិខុស និងបន្តឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការ និងត្រៀមឯកសារដែលពាក់ព័ន្ធឱ្យបានគ្រប់ៗគ្នា ដើម្បីមន្ត្រីចុះវាស់វែងជូនបងប្អូនប្រកបដោយភាពរលូន និងមិនគិតថ្លៃសេវាទេ លើកលែងតែបងប្អូនដែលខកខាន គឺត្រូវចំណាយប្រាក់ច្រើន ហើយត្រូវចំណាយពេលយូរ។
នៅក្នុងឱកាស លោក លឹម សុភា អភិបាលខណ្ឌជ្រោយចង្វារ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដីទាំងអស់ថា នៅពេលបងប្អូនមកពិនិត្យផ្ទៀងផ្ទាត់ក្បាលដី ត្រូវមកដោយខ្លួនឯង មិនត្រូវឲ្យអ្នកផ្សេងមកជំនួសឡើយ។ ហើយក្នុងចំណោមក្បាលដីទាំងអស់បើមានក្បាលណាមួយមានបណ្តឹង ពីភាគីផ្សេង ឬអ្នកជាប់ព្រំ ឬជាប់បញ្ចាំដោយគ្មានលិខតបញ្ជាក់ច្បាស់លាស់ នឹងមិនត្រូវបានចេញបណ្ណកម្មសិទ្ធិជូនឡើយ។ ចំណែកដីខ្លះ ដែលមានទំហំតូចជាងមុន បណ្តាលមកពីការកាត់ចំណីផ្លូវ ព្រែក ប្រឡាយ ឬអូរជាដើម។ ប៉ុន្តែជារួមការបិទផ្សាយនាពេលនេះ គឺសម្រាប់ផ្តាល់ឱកាសឲ្យបងប្អូនកតវ៉ាហើយ ដូចនេះសូមមកពិនិត្យឲ្យបានគ្រប់គ្នា។
របាយការណ៍បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងរាជធានីភ្នំពេញប្រមូលទិន្នន័យបានចំនួនជាង៣៩ម៉ឺនក្បាលដី បិទផ្សាយទិន្ន័យ ចំនួនជាង៣៥ម៉ឺនក្បាលដី ហើយផ្តល់បណ្ណកម្មសិទ្ធិជូនពលរដ្ឋបានចំនួន ២២ម៉ឺនបណ្ណ ក្នុងចំនួន ៩០ នៃ១០៥សង្កាត់ ស្មើនឹងជាង៨០ភាគរយ ៕
អត្ថបទ ៖ ពៅ យី







