ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួ ងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី« វិធានការដោះស្រាយគម្រោងវិនិយោគជាប់គាំងក្នុងខេត្តព្រះសីហនុ»។
ក្នុងសិក្ខាសាលានោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគដែលជាប់គាំងក្នុងខេត្តព្រះសីហនុ កា លពីក្នុងខែមីនា ឆ្នាំ២០២៣ ហើយសិក្ខាសាលានៅថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវវិ ធានការរបស់រាជរដ្ឋាភិបាល ក្នុងចំណោមតួអង្គសំខាន់ៗ និងអ្នកពាក់ព័ន្ធនានា ដើម្បីជំរុញការអនុវត្ត និងជំរុញសកម្មភាព ព្រមទាំងសម្ទុះសេដ្ឋកិច្ចក្នុងខេត្ត ទាំងក្នុងរយៈពេលខ្លី មធ្យម និងវែង។
ឯកឧត្តមបន្តថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំសិក្សាលើការរៀបចំវិធានការដោះស្រាយ បញ្ហានេះ ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធនានា។ តាមរយៈនេះ, រដ្ឋាភិបាលបានដាក់ចេញវិធានការជាកញ្ចប់ ដើម្បីដោះស្រាយគម្រោងវិនិយោគដែលជាប់គាំងទាំងនេះ ដោយផ្អែកតាមគោលការណ៍២ គឺឱ្យអគារដែលសាងសង់មិនទាន់ចប់ អាចសាងសង់ដល់ចប់សព្វគ្រប់ និងទី២ ឱ្យអ គារដែលបានសាងសង់ចប់ អាចមានសកម្មភាពវិនិយោគ ឬធុរកិច្ចបាន។
ឯកឧត្តមបន្ថែមថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នេះ បានដាក់ចេញនូវ« យុទ្ធសាស្រ្តបញ្ចកោណ-ដំ ណាក់កាលទី១» ដែលតាមរយៈនេះ រាជរដ្ឋាភិបាលផ្តោតអាទិភាពលើការពន្លឿនការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់វិស័យទេសចរណ៍, មជ្ឈមណ្ឌលសេវាហិរញ្ញវត្ថុ និងតំបន់ឧស្សាហកម្មជាដើម ដោយកំណត់យន្តការអនុវត្តឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។
ឯកឧត្តមបញ្ជាក់បន្ថែមថា ព្រះសីហនុ គឺជាខេត្តមួយដែលរាជរដ្ឋាភិបាលផ្តោតអាទិភាពខ្ពស់ និង ជាខេ ត្តដែលមានអគារច្រើន ដែលត្រូវជួយដោះស្រាយ ដើម្បីជំរុញសកម្មភាព សេដ្ឋកិច្ច និងធុរកិច្ច ពិសេស ប្រែក្លាយពីស្ថានភាពជាប់គាំងក្នុងអតីតកាល ទៅជាស្ថានភាពរស់រវើក ប្រកបដោយថាមពលទាំងក្នុងបច្ចុប្បន្ន និងទៅអនាគត៕ ដោយ៖ គង់ ឌិន










