ភ្នំពេញ ÷ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយស្ថាប័ន Smithsonlan សហរដ្ឋអាមេរិក ដើម្បីធ្វើកិច្ចសហប្រតិបត្តិការទៅលើការអភិវឌ្ឍវិជ្ជាជីវៈក្នុងការគ្រប់គ្រងបេតិកភណ្ឌ បង្កើនការចែករំលែកព័ត៌មាន និងផ្សព្វផ្សាយវប្បធម៌កម្ពុជា។
អនុស្សារណៈនៃការយោគយល់គ្នានេះ បានចុះហត្ថលេខានៅរាត្រីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ រវាងលោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក Chase Robinson នាយកសារមនី្ទរជាតិសិល្បៈអាស៊ី Smithsonian ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម W .Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ។ អនុស្សរណៈនៃការយោគយល់គ្នាក្នុងគោលបំណងការបង្កើនសមត្ថភាពបុគ្គលិកសារមន្ទីរ តាមរយៈការផ្លាស់ប្ដូរ ការសម្របសម្រួលផ្ដល់ប្រឹក្សាលើការគ្រប់គ្រងសារមន្ទីរ ការផ្ដល់កម្ចីវត្ថុបុរាណ និងការផ្លាស់ប្តូរពិព័រណ៍និងវត្ថុផ្សេងៗ ក៏ដូចជាសហការលើកិច្ចការស្រាវជ្រាវ។ ជាមួយគ្នានេះអនុស្សរណៈ នឹងពង្រឹងកិច្ចសហការរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើការអភិរក្សបេតិកភណ្ឌវប្បធម៌ និងប្រឆាំងការជួញដូរដោយខុសច្បាប់នូវវត្ថុបុរាណដែលជាដួងព្រលឹងជាតិខ្មែរ ហើយការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា គឺជាសក្ខីភាពមួយទៀតបញ្ជាក់ពីភាព រឹងមាំរវាងកម្ពុជា-អាមេរិក នៃកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ដែលរាប់បញ្ចូលនូវកិច្ចប្រឹងប្រែង អភិរក្ស និងស្តារឡើងវិញបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា និងកាត់បន្ថយការលួចវត្ថុបុរាណ ដ៏មានតម្លៃមហាសាលដែលគ្មានអ្វីអាចជំនួសបាន។ ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិក បានសម្របសម្រួលប្រគល់វត្ថុបុរាណដែលមានតម្លៃមិនអាចកាត់ថ្លៃបានចំនួនជាង១០០ដុំមកកាន់កម្ពុជាវិញ ក៏ដូចជាបានផ្ដល់ថវិកា និងការបណ្តុះបណ្តាលសមត្ថភាពជនជាតិខ្មែរ ដើម្បីការពារ អភិរក្ស និងស្តារឡើងវិញនូវបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខា ឯកឧត្តម ឯកអគ្គរដ្ឋទូត W .Patrick Murphy បានថ្លែងថា៖ ប្រទេសយើងទាំងពីរទទួលស្គាល់តម្លៃវប្បធម៌ក្នុងការធ្វើឱ្យមនុស្សមានការរួបរួមគ្នា និងបណ្តុះមោទនភាពក្នុងអត្តសញ្ញាណ និងបេតិកភណ្ឌ។ កិច្ចព្រមព្រៀងនេះ បង្ហាញអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហរដ្ឋអាមេរិក ក្នុងការអភិរក្សវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា ។
ចំណែកលោក Chase Robinson បានបញ្ជាក់ថា៖ ការសន្យាក្នុងការសន្ទនា នឹងសហការ និងនៅតែបន្តហើយពួកយើងនឹងសិក្សាពីគ្នាទៅវិញទៅមកតាមរយៈការផ្លាស់ប្តូរដោយចំហរ ដែលនាំឱ្យមានការចែករំលែកកិច្ចការស្រាវជ្រាវ និងចំណេះដឹងនឹងត្រូវបានពង្រីកបន្ថែមទៀត។
នាឱកាសនោះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា៖ ឆ្នាំនេះ ជាពេលដ៏សំខាន់មួយ ដែលកម្ពុជាបានទទួលមកវិញនូវវត្ថុបុរាណយ៉ាងច្រើនដែលរាប់បញ្ចូលមាសរបស់រាជវង្ស ក៏ដូចជាការត្រឡប់មកវិញតាមរយៈកិច្ចសហការវាងសារមន្ទីរ និងសារមន្ទីរ។ យើងចង់តាំងបង្ហាញនិងពន្យល់ដល់សាធារណៈជនទាំងប្រជាជនកម្ពុជា និងភ្ញៀវអន្តរជាតិ អំពីប្រវត្តិសាស្ត្របុរាណដ៏សម្បូរបែប និងអស្ចារ្យរបស់កម្ពុជា យើងមានក្តីសោមនស្ស ដែលបានក្លាយជាដៃគូជាមួយស្ថាប័ន Smithsonian នឹងធ្វើការជាមួយគ្នាក្នុងការអភិរក្សបណ្តុះបណ្តាលធនធានមនុស្ស និងនិទានដំណាលអំពីបេតិកភណ្ឌវប្បធម៌ របស់យើងទៅកាន់ពិភពលោក។ អនុស្សរណៈនៃការយោគយល់គ្នានេះ ចាត់ទុកជាទំព័រថ្មីមួយយ៉ាងសំខាន់សម្រាប់កម្ពុជា។ យើងជឿជាក់ថា ស្ថាប័ន Smithsonian ជាស្ថាប័នគំរូ ដែលបានសម្រេចប្រគល់មកវិញប្រកបដោយក្រមសីលធម៌ និងបានចូលរួមកិច្ចការស្រាវជ្រាវភស្តុតាងនានា ហើយអនុស្សរណៈនៃការយោគយល់គ្នានេះក៏ជាឱកាសសម្រាប់កម្ពុជា ក្នុងការបន្តក្លាយជាប្រទេសនាំមុខមួយលើពិភពលោក ពាក់ព័ន្ធនឹងកិច្ចការទាមទារ និងការប្រមូលមកវិញនូវទ្រព្យសម្បត្តិជាតិ ដែលត្រូវបានលួចចេញពីប្រទេសនាពេលកន្លងមក។
គួរបញ្ជាក់ផងដែរថា កាលពីខែសីហាកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសហរដ្ឋអាមេរិក បានបន្តចុះអនុស្សរណៈនៃការយោគយល់គ្នាលើកទី៤ ទាក់ទងនឹងការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យា នៃប្រទេសកម្ពុជា៕ អត្ថបទ រដ្ឋា



















