ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលត្រូវបានគេរាយការណ៍ថាបានសម្លាប់មនុស្សរាប់សិបនាក់នៅឯជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalia) នៅភាគខាងជើងតំបន់ហ្កាហ្សា។
ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសរបស់ហ្កាហ្សា បាននិយាយថាមនុស្ស ៥០នាក់ បានស្លាប់ និង១៥០នាក់ទៀតរងរបួស។ ប៉ុន្តែមន្ទីរពេទ្យមួយក្បែរនោះបាននិយាយថា ខ្លួនបានទទួលជនរងគ្រោះចំនួន ៤០០នាក់ ក្នុងនោះមាន ១២០នាក់ស្លាប់។
យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនេះបានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហាម៉ាសម្នាក់ហើយ ហេដ្ឋារចនាសម្ព័ន្ធភេរវកម្មក្រោមដី នៅក្រោមអគារនានាបានបាក់រលំបន្ទាប់ពីការវាយប្រហារ។

ប្រភពខាងលើបានបន្ថែមថា ភេរវករមួយចំនួនធំមកពីកងវរសេនាតូច ចាបាលីយ៉ាកណ្ដាល ( Central Jabalia) របស់ក្រុមហាម៉ាស ដែលបាននៅជាមួយមេបញ្ជាការនៅពេលនោះ ក៏ត្រូវបានសម្លាប់ផងដែរ។
ទន្ទឹមនឹងនោះ រថក្រោះ និងកងទ័ពអ៊ីស្រាអែល បានបន្តដំណើរឆ្ពោះទៅកាន់តំបន់ដែលមានប្រជាជនច្រើនបំផុតនៅហ្កាហ្សាភាគខាងជើង រួមទាំងជំរំចាបាលីយ៉ា (Jabalia) ផងដែរ។
អ៊ីស្រាអែលបាននិយាយថា នេះគឺជា ដំណាក់កាលទីពីរ នៃសង្រ្គាមរបស់ខ្លួន លុបបំបាត់ក្រុមហាម៉ាស ដែលបានចាប់ផ្តើមបន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនមិនធ្លាប់មាន ដោយក្រុមខ្មាន់កាំភ្លើងពីតំបន់ហ្កាហ្សា កាលពីថ្ងៃទី ៧ខែតុលា បានសម្លាប់ជនជាតិអ៊ីស្រាអែលប្រមាណជាង១.៤០០នាក់ និង២៤០នាក់ទៀត ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ។
ការវាយប្រហារតាមអាកាសកាលពីថ្ងៃអង្គារ លើជំរំចាបាលីយ៉ា បណ្ដាលឲ្យមានការផ្ទុះដ៏ធំ ដែលបានបំផ្លិចបំផ្លាញអគារលំនៅឋានចំនួនចំកណ្ដាលជំរំជនភៀសខ្លួន ជាទីដែលមនុស្ស ១១៦.០០០នាក់ រស់នៅក្នុងតំបន់មួយមានផ្ទៃដីទំហំត្រឹម ១,៤ គីឡូម៉ែត្រក្រឡា៕
