ស្វីស៖ កាលពីថ្ងៃចន្ទ អង្គការសុខភាពពិភពលោកបានអំពាវនាវ ដល់បណ្ដាក្រុមហ៊ុនផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ផ្ដល់ដូសវ៉ាក់សាំងថ្មីៗដល់គម្រោងចែកចាយវ៉ាក់សាំងសកល Covax ដែលដំបូងឡើយបានបដិសេធ ឬផ្តល់ចំនួនពាក់កណ្ដាលនៃបរិមាណរបស់ពួកគេ ទៅក្នុងគម្រោងសមធម៌វ៉ាក់សាំងសកល។
ប្រមុខអង្គការសុខភាពពិភពលោកគឺលោក Tedros Adhanom Ghebreyesus បាននិយាយថា ក្រុមហ៊ុនផលិតវ៉ាក់សាំងនានា គួរតែបង្វែរការយកចិត្តទុកដាក់របស់ខ្លួនទៅកាន់គម្រោង Covax ដែលបានប្រឹងប្រែងប្រមូលការបរិច្ចាគវ៉ាក់សាំង សម្រាប់បណ្ដាប្រទេសក្រីក្រ។ លោក Tedros បានសម្ដែងការខកចិត្តរបស់លោកដែលថា ប្រទេសក្រីក្រជាច្រើនមិនអាចទទួលបានវ៉ាក់សាំងបង្ការដល់បុគ្គលិកសុខភាព មនុស្សចាស់ និងប្រជាជនដទៃទៀតដែលងាយរងគ្រោះបំផុតដោយសារជំងឺ COVID-19 ធ្ងន់ធ្ងរ។
លោកថា នៅពេលបច្ចុប្បន្ននេះប្រទេសអ្នកមានមួយចំនួន បានទិញការផ្គត់ផ្គង់វ៉ាក់សាំងហើយកំពុងត្រៀមរៀបចំ ដើម្បីចាប់ផ្ដើមចាក់វ៉ាក់សាំងដល់កុមារទៀតផង។ លោកថា គម្រោងនេះត្រូវការវ៉ាក់សាំងចំនួន ២៥០លានដូសបន្ថែមទៀតនៅត្រឹមខែកញ្ញា ខណៈដែលគ្រាន់តែខែមិថុនា និងខែកក្កដាមានតម្រូវការវ៉ាក់សាំងចំនួន ១០០លានដូស៕
អត្ថបទ៖ សុខមាន