អនុរដ្ឋមន្រ្តីការបរទេសទី១ នៃសាធារណរដ្ឋកូរ៉េខាងត្បូង លោក ចាង ហួរ ជីន ( Chang Ho-jin) បានថ្លែងអះអាងថា រដ្ឋាភិបាលកូរ៉េបានចាត់ទុកកម្ពុជា បានក្លាយទៅជាដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍ដ៏ធំបំផុតរបស់ខ្លួនសម្រាប់ឆ្នាំនេះ ហើយលោកបានកោតសរសើរផងដែរចំពោះការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់កម្ពុជា រួមជាមួយនៃការកើនឡើងនូវចំនួនអគារខ្ពស់ៗជាច្រើននោះ។

ការលើកឡើងរបស់អនុរដ្ឋមន្រ្តីទី១ ការបរទេសកូរ៉េនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួប ជាមួយឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងការបរទេស។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចជំនួប បានបញ្ជាក់ថា ភាគីទាំងពីរ(កម្ពុជា- កូរ៉េ) បានសម្តែងនូវការពេញចិត្តយ៉ាងជ្រាលជ្រៅ ចំពោះការបញ្ចប់ប្រកបដោយជោគជ័យនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-សាធារណរដ្ឋកូរ៉េ លើកទី៥នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ ដោយបានដាក់ចេញនូវទិសដៅសកម្មភាពថ្មី ដើម្បីបង្កើន និងធ្វើឲ្យស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការគ្រប់វិស័យដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
តាមយរៈសេចក្តីប្រកាសនេះភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់ពីតួនាទីសំខាន់នៃកិច្ចព្រមព្រៀងសេរី កម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ច្បាប់ស្តីពីការវិនិយោគរបស់កម្ពុជា និងវេទិការាជរដ្ឋាភិបាល ផ្នែកឯកជនប្រចាំឆ្នាំ ហើយឯកឧត្តមសុខ ចិន្តាសោភា បានលើកឡើងពីសក្តានុពល របស់យន្តការទាំងនោះ ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីបន្ថែមទៀតផងដែរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះលោក ចាង ហួរ ជីន បានលើកឡើងអំពីការផ្លាស់ប្តូរដ៏ឆាប់រហ័សរបស់ កម្ពុជា ហើយលោកសូមកោតសរសើរអំពីការកើនឡើងនៃចំនួនអគារខ្ពស់ ព្រមទាំងកំណើនក្នុងស្រុកដ៏រឹងមាំ ដែលនេះគឺជាការឆ្លុះបញ្ចាំងពីការអភិវឌ្ឍដ៏គួរឲ្យកត់សម្គាល់របស់កម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែលនេះ ក៏បានលើកឡើងផងដែរថា នៅក្នុងកិច្ចជំនួបនោះភាគីទាំងពីរ ក៏បានពិភាក្សាអំពីវិធានការនានា ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឲ្យឈានដល់កម្រិតថ្មីមួយទៀត ពន្លឿនការអនុវត្តគម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណកូរ៉េ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនកូរ៉េបន្ថែមទៀត មកបណ្តាក់ទុននៅកម្ពុជា ជាពិសេសវិស័យកសិកម្ម, ការកែច្នៃម្ហូបអាហារ, និងផលិតកម្ម ព្រមទាំងសកម្ម ភាពផ្តល់តម្លៃបន្ថែមខ្ពស់ ដោយផ្អែកលើបច្ចេកវិទ្យាទំនើបរបស់កូរ៉េជាដើម៕ អត្ថបទ៖ បាន ចក់

