ក្រុមឧទ្ទាម Houthis នៅយេម៉ែន បានចូលរួមទៅក្នុងសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស ដែលមានចម្ងាយជាង ១.០០០ម៉ាយស៍ ពីទីតាំងកាន់កាប់អំណាចរបស់ពួកគេនៅក្នុងទីក្រុងសាណា ដោយប្រកាសកាលពីថ្ងៃអង្គារ ថាពួកគេបានបាញ់យានដ្រូន និងមីស៊ីល ទៅលើប្រទេសអ៊ីស្រាអែល ក្នុងការវាយប្រហារដែលបង្ហាញពីហានិភ័យក្នុងតំបន់ជម្លោះ។ ជាផ្នែកមួយនៃខ្សែអ័ក្សការទប់ទល់ ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ក្រុម Houthis បានប្រមូលផ្តុំគ្នា នៅពីក្រោយពលរដ្ឋប៉ាឡេស្ទីន ចាប់តាំងពីក្រុមហាម៉ាស បានវាយប្រហារប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដោយបើកសមរភូមិថ្មី សម្រាប់ចលនាដែលបានធ្វើសង្រ្គាមអស់រយៈពេលប្រាំបីឆ្នាំជាមួយក្រុមចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត នៅឈូងសមុទ្រ។

អ្នកនាំពាក្យយោធាក្រុមឧទ្ទាម Houthi លោក Yahya Saree បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ថា ក្រុមនេះបានបាញ់មីស៊ីលបាលីស្ទីក និងយានដ្រូនក្នុងចំនួនដ៏ច្រើន ចូលទៅកាន់ប្រទេសអ៊ីស្រាអែល ហើយនឹងមានការវាយប្រហារបែបនេះបន្ថែមទៀតកើតឡើង ដើម្បីជួយពលរដ្ឋប៉ាឡេស្ទីនឱ្យទទួលបានជ័យជម្នះ។ សេចក្តីថ្លែងការណ៍របស់លោក បានបញ្ជាក់ពីការពង្រីកទំហំជម្លោះដែលធ្វើឲ្យរដ្ឋនានាភ្ញាក់ផ្អើល រួមទាំងប្រទេសអារ៉ាប៊ីសាអូឌីតជាអ្នកនាំចេញប្រេងធំបំផុតរបស់ពិភពលោក ធ្វើឲ្យមានការព្រួយបារម្ភ នៃការហៀរចេញជម្លោះ ខណៈអ៊ីស្រាអែលព្យាយាមកម្ទេចក្រុមហាម៉ាសនៅក្នុងមូលដ្ឋានរឹងមាំតំបន់ហ្កាហ្សា។
ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល
លោក Tzachi Hanegbi បាននិយាយថា ការវាយប្រហាររបស់ក្រុមឧទ្ទាម Houthi គឺមិនអាចអត់ឱនបាន ប៉ុន្តែបដិសេធមិនបញ្ជាក់លម្អិតនៅពេលសួរថាតើអ៊ីស្រាអែលនឹងឆ្លើយតបយ៉ាងដូចម្តេច។ពាក្យស្លោករបស់ក្រុមឧទ្ទាម Houthis គឺ «ស្លាប់ទៅអាមេរិក ស្លាប់ទៅអ៊ីស្រាអែល បណ្តាសាលើជនជាតិជ្វីហ្វនិងជ័យជម្នះដល់សាសនាអ៊ីស្លាម៕
