ភ្នំពេញ៖ ក្រុមប្រឹក្សាខេត្ត រួមគណៈអភិបាលខេត្តកណ្ដាល ប្តេជ្ញាខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហារប្រឈមនានា នឹងបញ្ហារសំណើរ សំណូមពររបស់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ក្នុងគោលបំណងបង្កើនជំនឿជាក់លើការដឹកនាំ ជាពិសេសរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។
ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ថ្លែងលើកក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៥អាណត្តិទី៣ ឆ្នាំ ២០២៣ នៅស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣១ ខែតុលាម្សិលមិញថា មកដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតីជានាយករដ្ឋមន្រ្តី សម្តេចបានខិតខំអស់ពីកំលាំងកាយចិត្ត ដើម្បីជម្រុញការអភិវឌ្ឍប្រទេសឲ្យមានការរកចម្រើន ជាពិសេសនៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលអនុវត្តន៍គោលនយោបាយ និងបានកំណែទម្រង់ជាច្រើនវិស័យ ក្នុងគោលដៅឲ្យកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍឥតឈប់ឈរ ។
ឯកឧត្តមបន្តថា ចំពោះកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រុមប្រឹក្សាខេត្ត និងខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាប្រឈម និងសំណើរបស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបភ្លាមៗនឹងទុក្ខកង្វល់ទាំងនោះ។ ចំណែកបញ្ហារដែលមិនបានដោះស្រាយភ្លាមៗចំពោះមុខប្រជាពលរដ្ឋ អាជ្ញាធរខេត្តបានយកបញ្ហារទាំងនោះ ដាក់ក្នុងផែនការរបស់ថ្នាក់ខេត្ត ក៏ដូចជាថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក និងជាការឆ្លើយតបទៅដល់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព តម្លារភាព និងឆាប់រហ័ស។
ថ្លែងក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះដែរ លោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្ត ក៏បានស្នើឲ្យអាជ្ញារមូលដ្ឋាន ត្រូវធ្វើយ៉ាងណាខិតខំបំរើប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសការផ្តល់សេវាសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់ គ្មានចោរលួចចោរប្លន់ ល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ទាំងនេះគឺជាម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដែលជាការផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ក៏ដូចជាការគោរពស្រលាញ់ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។
សូមបញ្ជាក់ថា ក្នុងវេទិកានេះ ទទួលបានសំណើរសំណូមពរចំនួន ៣៥ ក្នុងនោះរួមមានផ្នែករដ្ឋបាល សន្តិសុខ សណ្ដាប់ធ្នាប់ សរុបចំនួន ០៣ ផ្នែកសេដ្ឋកិច្ច សរុបចំនួន ៣៦ និងផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន បម្រែបម្រួលអាកាសធាតុ សរុបចំនួន ០៤ ដែលបញ្ហាទាំងនេះត្រូវបាន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលរងខេត្តកណ្ដាល ធ្វើការឡើងបកស្រាយបំភ្លឺ និងទទួលយក និងបានជំរុញឱ្យអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធត្រូវពន្លឿនក្នុងការដោះស្រាយ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។









