បាល់ទាត់៖ ខ្សែបំរើ Liverpool, Georginio Wijnaldum ខិតជិតផ្ទេរទៅកាន់ក្លិបបារាំង Paris Saint Germain ហើយមិនមែន Barcelona ឡើយ។ កីឡាករវ័យ ៣០ឆ្នាំរូបនេះមិនមានការចរចាបន្តកិច្ចសន្យានៅជាមួយ Liverpool ឡើយស្របពេលមានទំនាក់ទំនងផ្ទេរទៅកាន់ Barcelona ជាច្រើនខែមកហើយ នៅពេលកិច្ចសន្យារបស់គេនឹងអស់សុពលភាព នៅដំណាច់ខែមិថុនានេះ។

យ៉ាងណាក្តី Paris Saint Germain ដែលជាជើងឯករងលីគបារាំងត្រូវបានគេដឹងថា ក្លាយជាបេក្ខភាពមុខគេវិញ ក្នុងការនាំយកកីឡាករហូឡង់រូបនេះមកកាន់ទឹកដីប៉ារីស បន្ទាប់ពីការចរចាកិច្ចសន្យាមានភាពប្រសើរជាង Barcelona។ វត្តមានរបស់អ្នកចាត់ការ Mauricio Pochettino ក៏ជាកត្តាសំខាន់មួយក្នុងការនាំយក Gini Wijnaldum ផងដែរ បន្ទាប់ពីអ្នកចាត់អាហ្សង់ទីនរូបនេះ ធ្លាប់បាននិយាយជាមួយគេកាលមុនផ្ទេរទៅកាន់ Liverpool តែពេលនោះដំណើរផ្ទេរទៅកាន់ Spurs មិនបានសំរេច។
Georginio Wijnaldum ដែលជាសមាជិករបស់ក្រុមជំរើសជាតិហូឡង់នៅ Euro ២០២០ នេះបានបង្ហាញខ្លួនសរុប ២៣៧ប្រកួតអោយ Liverpool និងជាសមាជិកសំខាន់របស់លោក Jurgen Klopp ដែលឈ្នះជើងឯក UEFA Champions League និង English Premier League៕
អត្ថបទ៖នាង សុភាវុធ