ក្រុមឧទ្ទាម Tuareg ភាគខាងជើងនៃប្រទេសម៉ាលី បាននិយាយថា ខ្លួនបានដណ្តើមយកមូលដ្ឋាននៅ Kidalដែលត្រូវបានទុកចោលដោយអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ ដែលអាចនាំទៅដល់ការបង្រ្កាប នៅក្នុងទីក្រុងយុទ្ធសាស្ត្រ ដែលកងទ័ពរបស់ប្រទេសម៉ាលីសង្ឃឹមថា នឹងដណ្តើមយកមក គ្រប់គ្រងវិញ។

បេសកកម្មរបស់UN ដែលគេស្គាល់ថា បេសកកម្មស្ថិរភាពរួមបញ្ចូលគ្នាពហុភាគីរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលី (MINUSMA) មានរយៈពេលរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ដើម្បីរៀបចំ បន្ទាប់ពីរបបយោធារបស់ប្រទេសម៉ាលី បានបញ្ជាឲ្យចាកចេញ កាលពីខែមិថុនា។ ការដកខ្លួនចេញពីមូលដ្ឋានផ្សេងទៀត បានជំរុញឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពរបស់ប្រទេសម៉ាលី និងក្រុមឧទ្ទាម ដែលកំពុងប្រជែងគ្នាដណ្តើមគ្រប់គ្រងតំបន់ដែលកងរក្សាសន្តិភាព បានដកចេញ។

Kidal គឺជាមូលដ្ឋានទី៨របស់បេសកកម្ម MINUSMA ដែលត្រូវបិទនៅកណ្តាល និងភាគខាងជើងប្រទេសម៉ាលី ហើយជាមូលដ្ឋានដ៏សំខាន់បំផុតមួយ។ វាស្ថិតនៅក្នុងតំបន់ដែលគ្រប់គ្រងជាប្រវត្តិសាស្ត្រដោយក្រុមឧទ្ទាម ដែលរបបយោធារបស់ប្រទេសម៉ាលី ចង់ដណ្តើមយកមកគ្រប់គ្រងវិញ។
បេសកកម្ម MINUSMA បានបញ្ជាក់ពីការចាកចេញរបស់ខ្លួននៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបាននិយាយថា ខ្លួនបានបំផ្លាញឧបករណ៍ចោល មុនពេលចាកចេញ។