ទីប្រឹក្សាជាន់ខ្ពស់២រូបរបស់លោកប្រធានាធិបតី Joe Biden បានស្នើឱ្យសមាជិកសភាអាមេរិកផ្តល់ប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀតដល់អ៊ីស្រាអែលកាលពីថ្ងៃអង្គារ ទី៣១តុលា នៅឯសវនាការសភាដែលត្រូវបានរំខានម្តងហើយម្តងទៀតដោយក្រុមអ្នកតវ៉ា ដែលបានរិះគន់ក្រុមមន្រ្តីអាមេរិកចំពោះការគាំទ្រនូវអ្វីដែលពួកគេហៅថា អំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា។

នៅពេលសវនាការចាប់ផ្តើម ក្រុមបាតុករប្រឆាំងសង្រ្គាមបានលើកបាតដៃប្រឡាក់ថ្នាំក្រហម។ ក្រោយមកនគរបាលវិមានកាពីតូលបាននាំពួកគេចេញពីបន្ទប់ បន្ទាប់ពីបានស្រែកពាក្យស្លោករួមមាន"ឈប់បាញ់ឥឡូវនេះ!"ការពារកុមារនៃហ្គាហ្សា!"និង"បញ្ឈប់ការផ្តល់មូលនិធិដល់អំពើប្រល័យពូជសាសន៍។
រដ្ឋមន្ត្រីការបរទេស Antony Blinken និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ឡយ អូស្ទីន(Lloyd Austin) បានផ្តល់សក្ខីកម្មដល់គណៈកម្មាធិការរៀបចំព្រឹទ្ធសភាលើសំណើររបស់លោក Biden នូវកញ្ចប់ថវិកាចំនួន ១០៦ ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ផែនការប្រកបដោយមហិច្ឆតាសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងសន្តិសុខព្រំដែនអាមេរិក។

ដោយលើកហេតុផលថា ការគាំទ្រដៃគូរបស់សហរដ្ឋអាមេរិកមានសារៈសំខាន់ចំពោះសន្តិសុខជាតិ ដែលលោក Biden បានស្នើសុំ កញ្ចប់ថវិកា ចំនួន៦១,៤ ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ដែលប្រហែលពាក់កណ្តាលនឹងត្រូវចំណាយនៅសហរដ្ឋអាមេរិកដើម្បីបំពេញស្តុកអាវុធដែលហូរចេញដោយសារតែការគាំទ្រសម្រាប់ទីក្រុងគីវ (Kyiv)កន្លងមកនេះ ។
លោក Biden ក៏បានស្នើសុំប្រាក់ចំនួន ១៤,៣ ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែល ចំនួន ៩ពាន់លានដុល្លារសម្រាប់ជំនួយមនុស្សធម៌ រួមទាំងសម្រាប់អ៊ីស្រាអែល និងតំបន់ហ្កាហ្សា ១៣,៦ ពាន់លានដុល្លារសម្រាប់សន្តិសុខព្រំដែនសហរដ្ឋអាមេរិក ជំនួយយោធាចំនួន៤ ពាន់លានដុល្លារ និងហិរញ្ញប្បទានរបស់រដ្ឋាភិបាល ក្នុងការទប់ទល់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងតំបន់របស់ចិននៅអាស៊ី៕