អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ស្ថិតនៅក្នុង ភូមិស្លែង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បានបង្ហាញសេចក្ដីត្រេកអរក្រោយទទួលបានជណ្តើរត្រី ជាសមិទ្ធផលថ្មីមួយ ដើម្បីជួយស្តារការផ្លាស់ទីរបស់ត្រី និងតភ្ជាប់ឡើងវិញនូវផ្លូវទឹកដែលល្អ រវាងបឹងទន្លេសាប និងសហគមន៍មូលដ្ឋាននៅតាមដងទន្លេ និងផ្លូវនេសាទ ដែលផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋទាំងផ្នែកសង្គម និងសេដ្ឋកិច្ច។

នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ រដ្ឋាភិបាលអូស្ត្រាលីរួមជាមួយតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន និងប្រជាជន នឹងសម្ពោធជណ្តើរត្រីភូមិស្លែង ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាបនេះ។ ខណៈជណ្ដើរត្រីភូមិស្លែងនេះ ត្រូវបានគេរំពឹងថានឹងជួយបង្កើនប្រាក់ចំណូលពីការនេសាទដល់ពលរដ្ឋក្នុងមូលដ្ឋាននេះចំនួន ៥០០០ គ្រួសារ និងជួយអភិរក្សប្រភេទត្រីនានាក្នុងស្រុកជាង ១០០ ប្រភេទ ដែលធ្វើឱ្យវាក្លាយជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាពសម្រាប់ការនេសាទ និងសហគមន៍នេសាទរបស់កម្ពុជា។

លោក ឡុក វួង មេឃុំស្រណាល ក្នុងនាមតំណាងប្រជាពលរដ្ឋបានបង្ហាញក្ដីត្រេកអរចំពោះសមិទ្ធផលជណ្ដើរត្រីនេះ។ លោកបានប្ដេជ្ញាសហការជាមួយក្រុមការងារជណ្ដើរត្រី ហើយបន្តធ្វើការអប់រំផ្សព្វផ្សាយពីអត្ថប្រយោជន៍ នៃជណ្ដើរត្រីនេះទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទូលំទូលាយដើម្បីរក្សាជណ្ដើរត្រីនេះឱ្យបានគង់វង្សសម្រាប់អភិរក្សត្រីនៅក្នុងមូលដ្ឋានឱ្យមានកំណើនទៅមុខជាបន្តទៀត។
អ្នកស្រី កន សាលឿង និងលោក ប៊ឹង ប៊ាន ពលរដ្ឋរស់នៅក្នុងភូមិស្លែង ឃុំ ស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បានឱ្យដឹងថា កាលពីដំបូងពួកគាត់មិនទាន់យល់ដឹងថា អ្វីទៅជាជណ្ដើរត្រីនោះ ប៉ុន្ដែក្រោយទទួលបានការណែនាំពីក្រុមការងារជណ្ដើរត្រីរបស់ប្រទេសអូស្រ្ដាលី និងអាជ្ញាធរមូលដ្ឋានពួកគាត់បានឱ្យដឹងថាជណ្ដើរត្រីនេះ គឺមានតួនាទីសំខាន់ក្នុងការចូលរួមអភិរក្សត្រីនៅក្នុងមូលដ្ឋានរបស់ពួកគាត់ឱ្យបានគង់វង្ស និងមានកំណើនសម្រាប់ការនេសាទរបស់ប្រជាពលរដ្ឋផងដែរ។

សូមជម្រាបថាជណ្តើរត្រីនេះត្រូវបានសាងសង់ឡើងក្រោមការស្រាវជ្រាវ និងផ្តល់មូលនិធិ ពីមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) ខណៈជណ្ដើរត្រីនេះមានសារៈសំខាន់ជាពិសេសសម្រាប់ប្រទេសកម្ពុជា ដោយសារការអភិវឌ្ឍវារីអគ្គិសនី និងប្រព័ន្ធធារាសាស្រ្តជាការសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច។

ជណ្តើរត្រីផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងប្រជាជន ដោយសារជណ្តើរត្រីនេះ អាចឱ្យត្រីធ្វើការផ្លាស់ទីដោយសេរី និងទទួលបានប្រភពអាហារ និងកន្លែងសម្រាប់ពងកូន ទន្ទឹមនឹងការរក្សាបាននូវការផ្គត់ផ្គង់ត្រីសម្រាប់ជលផលក្នុងស្រុក។ ជណ្តើរត្រីនេះគេបានសិក្សាឃើញថា អាចជំរុញសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលពឹងផ្អែកលើវា៕ អត្ថបទ៖ វ៉ន ដារ៉ា
