ភ្នំពេញ៖ ខណៈដែលនៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ គឺជាថ្ងៃគម្រប់ខួប៧០ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ នឹងចូលមកដល់ គេសង្កេតឃើញបរិវេណជុំវិញវិមានឯករាជ្យ មានការរៀបចំ និងតុបតែងបានស្អាតល្អ សម្រាប់ត្រៀមរៀបចំប្រារព្ធទិវាជាតិ និងជាប្រវត្តិសាស្ត្រមួយនេះ ។
នៅតាមដងផ្លូវសំខាន់ៗជុំវិញនោះ មានការលើស្លាកអបអរសាទរទិវាបុណ្យឯករាជ្យ០៩វិច្ចិកា អមជាមួយដើមឈើធំៗស្រស់ស្អាត លម្អងបរិស្ថានឱ្យកាន់តែប្រសើរ ។
ប្រជាពលរដ្ឋ បានលើកឡើងថា ថ្ងៃ០៩វិច្ឆិកា គឺជាថ្ងៃប្រវត្តិសាស្ត្រដែលប្រជាជនខ្មែរទាំងអស់ចងចាំមិនភ្លេច ដែលកម្ពុជាបានទទួលបានឯករាជ្យពេញលេញ ។ ដែលរាជ្យភាពនេះ បានពីមកស្នាព្រះហស្ថដ៏អស្ចារ្យ របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងពុះពារ នាំយកឯករាជ្យឱ្យប្រជាជន និងប្រទេសជាតិ បានរហូតមកទល់សព្វថ្ងៃនេះ ។
សូមបញ្ជាក់ថា សម្តេចព្រះបរមរតនកោដ្ឋ បានដណ្តើមយកឯករាជ្យឱ្យកម្ពុជាវិញ នៅថ្ងៃ០៩ វិច្ឆិកា ឆ្នាំ១៩៥៣ ។ រាជរដ្ឋាភិបាលកម្ពុជាតែងប្រារព្ធទិវាបុណ្យឯករាជ្យជាតិនេះឡើងជារៀងរាល់ឆ្នាំ ដើម្បីជាការរំលឹកដល់ការទទួលបានឯករាជ្យពេញលេញ ។ ហើយនៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃប្រារព្ធទិវាបុណ្យឯករាជ្យជាតិ គម្រប់៧០ឆ្នាំ ៕ អត្ថបទ ៖ លីហេង








