លោក Ramesh Rajasingham ប្រធានការិយាល័យសម្របសម្រួលនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅឯកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងសន្និសីទសង្ខេបស្តីពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃអង្គារ (៣១ តុលា) ថា «តាមតួលេខចុងក្រោយបង្អស់បានឲ្យដឹងថា ជនស៊ីវិលជាង ៩.៩០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន មក ពោលគឺស្មើនឹងជនស៊ីវិលជិត ១៦នាក់ ត្រូវបានគេសម្លាប់ជារៀងរាល់ថ្ងៃ»។

កាលពីថ្ងៃអង្គារដដែលនោះ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា ខ្លួនបានរកឃើញ «ហេតុផល» ជុំវិញការវាយប្រហារដោយមីស៊ីល ដែលបានសម្លាប់មនុស្ស ៥៩នាក់ នៅក្នុងហាងកាហ្វេមួយនៅក្នុងភូមិ Hroza របស់ប្រទេសអ៊ុយក្រែន ដោយហេតុការណ៍នោះត្រូវបានធ្វើឡើងដោយប្រទេសរុស្ស៊ី។
ការរកឃើញនេះ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងរបាយការណ៍មួយ ផ្អែកលើបេសកកម្មស្វែងរកការពិតចំនួនពីរករណី ចំពោះភូមិ Hroza ដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ជាទីដែលទីភ្នាក់ងារនេះបានសម្ភាសន៍មនុស្ស ៣៥នាក់ រួមទាំងអ្នកស្រុក សាក្សី អ្នករស់រានមានជីវិតពីរនាក់ បុគ្គលិកពេទ្យ និង បុគ្គលិកកន្លែងបញ្ចុះសពផងដែរ៕

