ក្រុមពន្លត់អគ្គិភ័យនៅក្នុងប្រទេសលីបង់ កំពុងទប់ទល់នឹងចំហេះព្រៃកាលពីល្ងាចថ្ងៃអង្គារ (៣១ តុលា) ដែលក្រុមការពារជនស៊ីវិលលីបង់ បាននិយាយថា ចំហេះនោះត្រូវបានបង្កឡើងដោយការបាញ់ផ្លោងរបស់អ៊ីស្រាអែល ជាមួយនឹងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ដែលអាចមើលឃើញយ៉ាងច្បាស់ក្នុងចម្ងាយជាច្រើនគីឡូម៉ែត្រ។

ចំហេះនោះបានចាប់ផ្តើមនៅប្រហែលម៉ោង ១៧:០០ (ម៉ោងសកល) ហើយត្រូវបានបង្កឡើងដោយគ្រាប់ផ្លោងរបស់អ៊ីស្រាអែល ដែលមានផ្ទុកសារធាតុផូស្វ័រពណ៌ស ត្រូវបានបាញ់ឆ្លងកាត់ព្រំដែន នេះបើតាមលោក Abdalla Mousawae ដែលជាប្រធានមជ្ឈមណ្ឌលតំបន់នៃផ្នែកការពារស៊ីវិលលីបង់ បានប្រាប់សារព័ត៌មានរ៉យទ័រ។

ការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចាប់តាំងពីអ៊ីស្រាអែល បានធ្វើសង្រ្គាមជាមួយក្រុមប៉ាឡេស្ទីន ហាម៉ាស ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា នេះមក។ ក្រុមការពារជនស៊ីវិលលីបង់ បានបន្ថែមថា មិនមានរបាយការណ៍ភ្លាមៗពីការរងរបួសពីចំហេះព្រៃកាលពីថ្ងៃអង្គារនេះនោះទេ៕