ជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ដែលកំពុងរស់នៅក្នុងប្រទេសប៉ាគីស្ថាន សម្រុកទៅកាន់ព្រំដែន កាលពីថ្ងៃអង្គារ មុនពេល ឱសានវាទបានផុតកំណត់កាលពីយប់រំលងអធ្រាត្រសម្រាប់ក្រុមជនបរទេសគ្មានឯកសារក្នុងការចាកចេញពីប្រទេសប៉ាគីស្ថាន។
ប៉ាគីស្ថាន និយាយថា មនុស្សប្រមាណ១,៧លានាក់ ត្រូវតែចាកចេញ នៅថ្ងៃទី១ខែវិច្ឆិកា បើពុំនោះទេ ត្រូវប្រឈមនឹងការចាប់ខ្លួន និងការនិរទេសត្រឡប់ទៅប្រទេសកំណើតវិញ ។ ភាគច្រើនជាជនជាតិអាហ្វាហ្គានីស្ថាន។

ជនភៀសខ្លួនភាគច្រើន ដែលមានការភ័យខ្លាច បានរត់គេចខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ បានគ្រប់គ្រងប្រទេសនេះ កាលពីឆ្នាំ២០២១ ។ អ្នកផ្សេងទៀត បានកំពុងរស់នៅក្នុងប្រទេសប៉ាគីស្ថានរយៈពេលជាច្រើនទសវត្សរ៍មកហើយ។

ស្ត្រីវ័យក្មេងម្នាក់ឈ្មោះ សាឌីយ៉ា (Sadia) ដែលកំពុងសិក្សានៅក្នុងទីក្រុង ផេសាវ៉ា (Peshawar) ក្នុងភាគឦសានប្រទេសប៉ាគីស្ថាន និយាយថា រូបនាងបានគេចចេញពីប្រទេសអាហ្វហ្គានីស្ថាន ២ឆ្នាំ កន្លងមកហើយ ដើម្បីទទួលបានឱកាសរៀនសូត្របន្ទាប់ពីរដ្ឋាភិបាលក្រុមតាលីបង់ហាមប្រាមស្ត្រីមិនឲ្យចូលសាលារៀន ក្រោមច្បាប់ឥស្លាមដ៏រឹងរ៉ឹង។

ភាពតានតឹងរវាងប្រទេសទាំង២បានឡើងកម្ដៅកាន់តែក្ដៅ បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែន ដែលទីក្រុងអ៊ីស្លាម៉ាបាដ បានស្ដីបន្ទោស ក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាន។
របបគ្រប់គ្រងតាលីបង់ ដែលផ្ដល់ជម្រកសម្រាប់ក្រុមសកម្មប្រយុទ្ធដាក់គោលដៅលើប៉ាគីស្ថាន បានហៅ ចំណាត់ការក្នុងការនិទេសជនជាតិអាហ្វហ្គានីស្ថានគ្មានឯកសារថាជារឿងមិនអាចទទួលយកបាន។ បាគីស្ថាន និយាយថា ជនជាតិអាហ្វហ្គានីស្ថានជិត២សែននាក់ បានវិលត្រឡប់ទៅប្រទេសកំណើតវិញ កាលពីថ្ងៃចន្ទ ។ សេចក្ដីរាយការណ៍នានា និយាយថា មនុស្ស ២ម៉ឺននាក់ បានធ្វើដំណើរទៅព្រំដែនកាលពីថ្ងៃអង្គារ ខណៈពេលវេលាកំណត់ឲ្យចាកចេញដោយស្ម័គ្រចិត្តបានផុតទៅហើយ ៕