តម្រួតលោក Joel Merry បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា រយៈពេល៥ខែ មុនពេលទាហានបម្រុងកងទ័ពសហរដ្ឋអាមេរិកម្នាក់ បានបាញ់សម្លាប់មនុស្ស ១៨ នាក់នៅរង្គសាល និងកន្លែងបោះប៊ូលីង ក្នុងទីក្រុង Lewiston រដ្ឋ Maine គ្រួសាររបស់លោក បានទាក់ទងទៅការិយាល័យតម្រួតក្នុងតំបន់ដើម្បីនិយាយថាពួកគេព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តរបស់ជននេះ ដែលកាន់តែធ្ងន់ធ្ងរ ហើយជននេះមានកាំភ្លើងយ៉ាងហោចណាស់ ១០ ដើម។

ការរាយការណ៍លើកទីពីរ បានធ្វើឡើងនៅក្នុងខែកញ្ញា នៅពេលដែលអង្គភាពទាហានបម្រុងកងទ័ពរបស់លោក Robert R Card នៅទីក្រុង Saco ក្បែរនោះ បានផ្ញើសារអេឡិចត្រូនិក ទៅកាន់ការិយាល័យតម្រួតតំបន់ Sagadahoc ស្នើសុំ «ការពិនិត្យសុខភាព» លោក Card។

យោងតាមរបាយការណ៍ឧប្បត្តិហេតុដែលចេញផ្សាយដោយការិយាល័យតម្រួតបានឲ្យដឹងថា អង្គភាពទាហានបម្រុង បានប្រាប់ការិយាល័យតម្រួតថាលោក Card ជាពលបាលត្រីអាយុ ៤០ ឆ្នាំ បានរាយការណ៍ថា «បានលឺសូសំឡេង» ដែលធ្វើទារុណកម្មលោក ដោយការចោទប្រកាន់ពីអំពើអនាចារកុមារ ហើយលោកបានគំរាមកំហែង បាញ់ឡើងលើ នៅមជ្ឈមណ្ឌលសមយុទ្ធ ក្នុងទីក្រុង Saco និងនៅកន្លែងផ្សេងទៀត។
យោងតាមសារអេឡិចត្រូនិករបស់អង្គភាពទាហានបម្រុងកងទ័ពដែលចេញផ្សាយដោយការិយាល័យតម្រួតបានឲ្យដឹងថា ទាហានម្នាក់ដែលស្និតស្នាល ជាមួយលោក Card បានប្រាប់ថ្នាក់ដឹកនាំអង្គភាពរបស់លោកថា អាកប្បកិរិយារបស់លោក Card គួរឱ្យព្រួយបារម្ភដែលលោក បារម្ភថាលោកCard នឹងបាញ់ប្រហារទ្រង់ទ្រាយធំ។ កាលពីថ្ងៃទី ២៥ ខែតុលាលោក Card បានសម្លាប់មនុស្ស១៨នាក់ និងរបួស ១៣ នាក់នៅទីតាំងក្នុងទីក្រុង Lewiston ចំនួនពីរកន្លែង ជាការបាញ់ប្រហារធំបំផុតលើកទី ១០ នៅក្នុងប្រទេស ដែលអំពើហិង្សាដោយអាវុធបានក្លាយជារឿងធម្មតា។ បន្ទាប់ពីការតាមស្វែងរករយៈពេលពីរថ្ងៃ នគរបាលបានរកឃើញលោក Card បានស្លាប់ រងរបួសដោយគ្រាប់កាំភ្លើងបាញ់ដោយខ្លួនឯងនៅក្នុងរ៉ឺម៉ក នៅរោងចក្រកែច្នៃមួយកន្លែងដែលជននេះធ្វើការ។