មន្ត្រីអាមេរិកពីររូប បាននិយាយថា៖ក្រុមសកម្មប្រយុទ្ធ ដែលគេជឿថា ជាក្រុមឧទ្ទាមហ៊ូធី បានបាញ់មីស៊ីលបាលិស្ទិករយៈចម្ងាយមធ្យមពីប្រទេសយ៉េម៉ែនសំដៅទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអង្គារ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងការពារអ៊ីស្រាអែល(IDF) បាននិយាយថា មីស៊ីលនេះ ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស Arrow របស់អ៊ីស្រាអែល ដែលត្រូវបានអភិវឌ្ឍន៍រួមគ្នាដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដោយ IDFបានបញ្ជាក់ថា មីស៊ីលដែលជំរុញដោយរ៉ុក្កែត ត្រូវបានបាញ់ឆ្ពោះទៅកាន់ទឹកដីអ៊ីស្រាអែលពីទិសដៅរបស់សមុទ្រក្រហម ប៉ុន្តែមិនបានបញ្ជាក់ថាតើវាមានប្រភពមកពីប្រទេសយ៉េម៉ែនឬអត់ទេ។

មន្ត្រីសហរដ្ឋអាមេរិក បាននិយាយថា មីស៊ីលដែលមានរយៈចម្ងាយ ២.០០០ គីឡូម៉ែត្រ (ប្រហែល ១.២៤០ ម៉ាយ) ឬលើសពីនេះ មិនបានគំរាមកំហែងដល់នាវាកងទ័ពជើងទឹកអាមេរិក នៅក្នុងសមុទ្រក្រហម ឬកងទ័ពអាមេរិក ឬបុគ្គលិក នៅក្នុងតំបន់នោះទេ។
អ្នកនាំពាក្យក្រសួងការពារជាតិ បាននិយាយថា កាលពីថ្ងៃទី១៩ ខែតុលា នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក បានបាញ់ទម្លាក់យានដ្រូនជាច្រើនគ្រឿង និងមីស៊ីលតម្រង់គោលដៅចំនួនបីគ្រាប់ ដែលត្រូវបានបាញ់ចេញពីប្រទេសយ៉េម៉ែន ហើយកំពុងរត់«សំដៅទៅប្រទេសអ៊ីស្រាអែលយ៉ាងច្បាស់»។