ប្រទេសជាច្រើនជុំវិញពិភពលោក បានចាប់ផ្តើមមើលឃើញកំណើននៃការស្អប់ខ្ពើមចំពោះជនជាតិជ្វីហ្វ ដោយបានផ្ទុះឡើងដោយជម្លោះជុំថ្មីនៃសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។

នៅទីក្រុងឡូសអេនជឺឡេស សហរដ្ឋអាមេរិក ទីក្រុងឡុងដ៍្រ របស់ចក្រភពអង់គ្លេស និងកន្លែងផ្សេងៗទៀត មានមនុស្សរត់តាមផ្លូវហើយស្រែកពាក្យសម្ដីបែបស្អប់ខ្ពើមថា «សម្លាប់ជនជាតិជ្វីហ្វ» ឬ «ជនជាតិជ្វីហ្វ គួរឲ្យស្អប់ខ្ពើម» ជាដើម។
ចំណែកនៅក្នុងប្រទេសចិនវិញ មានការបង្ហោះអនឡាញជាច្រើន ដែលប្រដូចជនជាតិជ្វីហ្វ ទៅនឹងប៉ារ៉ាស៊ីត បិសាចជញ្ជក់ឈាម ឬសត្វពស់ជាដើម បានផ្ទុះឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយទាក់ទាញការចូលចិត្តរាប់ពាន់នាក់។

ទាំងនោះ គឺជាឧទាហរណ៍នៃឧប្បត្តិហេតុនៃការប្រឆាំងជនជាតិជ្វីហ្វ ដែលបានកើនឡើងនៅទូទាំងពិភពលោក ចាប់តាំងពីការវាយប្រហារដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា និងសង្រ្គាមជាបន្តបន្ទាប់លើក្រុមអ៊ីស្លាមនិយមមួយនេះ ដែលបានចាប់ផ្តើមដោយអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ស្ទ្រីប មក។
នៅក្នុងបណ្ដាប្រទេសជាច្រើន មានដូចជាសហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ និងអាហ្វ្រិកខាងត្បូង បានបង្ហាញកំណើនបញ្ហាទាំងនោះយ៉ាងច្បាស់ ដោយចំនួនឧបទ្ទវហេតុប្រឆាំងជនជាតិជ្វីហ្វ បានកើនឡើងរាប់រយភាគរយចាប់តាំងពីថ្ងៃទី៧ ខែតុលា មកបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នៅក្នុងករណីនៃឧប្បត្តិហេតុប្រឆាំងនឹងជនជាតិជ្វីហ្វ ភាគច្រើនរួមមានការបំពានពាក្យសម្ដី ការប្រមាថតាមអ៊ីនធឺណិត ឬការគម្រាមកំហែង និងការបង្ខូចទ្រព្យសម្បត្តិរបស់ជនជាតិជ្វីហ្វ អាជីវកម្ម ឬគេហទំព័រដែលមានសារៈសំខាន់ខាងសាសនា ព្រមទាំងការរំលោភបំពានលើរាងកាយជាដើម៕