ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា មនុស្ស ១២នាក់ទៀត បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ខណៈរកឃើញពលរដ្ឋ ៦៧៨នាក់ឆ្លងមេរោគផ្លូវដង្ហើមនេះ។
ក្រសួងសុខាភិបាល បញ្ជាក់ថា តួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩សរុប បានកើនឡើងដល់ ២៧៨នាក់ហើយគិតត្រឹមថ្ងៃនេះ ក្នុងនោះរាប់បញ្ចូលទាំងតួលេខអ្នកស្លាប់ថ្មីដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ។
ក្រសួងសុខាភិបាលក៏បានប្រកាសនៅថ្ងៃនេះផងដែរថា មនុស្ស ៦៧៨នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ក្នុងនោះពលរដ្ឋ ៦២៩នាក់បានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខណៈករណីឆ្លងថ្មីចំនួន ៤៩នាក់ទៀត គឺជាករណីនាំចូលពីក្រៅប្រទេស។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សសរុបដល់ទៅ ៣៥ ៥១១នាក់ហើយ បានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងដំបូងកាលពីចុងខែមករាឆ្នាំ២០២០កន្លងមក។
ប៉ុន្តែ ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩សរុប ២៨ ៦៤៩នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មី ៥៥៧នាក់ ដែលក្រសួងទើបប្រកាសនៅថ្ងៃនេះផងដែរ៕
