របាយការណ៍ឧស្សាហកម្មមួយបានបង្ហាញនៅថ្ងៃពុធ (១ វិច្ឆិកា) នេះថា សេដ្ឋកិច្ចអ៊ីនធឺណិតរបស់អាស៊ីអាគ្នេយ៍ ត្រូវបានគេរំពឹងថានឹងកើនឡើងចំនួន ១១ភាគរយ ធៀបនឹងឆ្នាំមុន ក្នុងឆ្នាំ២០២៣ នេះ ដែលបានធ្លាក់ចុះពីកំណើន ២០ភាគរយកាលពីឆ្នាំមុន។
របាយការណ៍ប្រចាំឆ្នាំ ដែលត្រូវបានចេញផ្សាយរួមគ្នាដោយក្រុមហ៊ុន Google ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alphabet បានឲ្យដឹងថា បណ្ដាវិនិយោគិនរដ្ឋសិង្ហបុរី គឺក្រុមហ៊ុន Temasek Holdings និងក្រុមហ៊ុនប្រឹក្សាពាណិជ្ជកម្មពិភពលោក Bain & Company ក៏បាននិយាយផងដែរថា សេដ្ឋកិច្ចអ៊ីនធឺណិតក្នុងតំបន់ត្រូវបានគេមើលឃើញថា មានតម្លៃ ២៩៥ពាន់លានដុល្លារនៅឆ្នាំ២០២៥ ដោយធ្លាក់ចុះពីការប៉ាន់ប្រមាណពីមុនចំនួន ដែលមានតួលេខ ៣៣០ពាន់លានដុល្លារ។
ក្រុមហ៊ុនទាំងនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា «វិស័យសេដ្ឋកិច្ចឌីជីថល កំពុងបង្ហាញពីគន្លងនៃកំណើនវិជ្ជមាន ជាមួយនឹងការធ្វើដំណើរ និងការដឹកជញ្ជូន ឆ្ពោះទៅលើសពីកម្រិតតួលេខកំណើនមុនការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ»។
តំបន់ ដែលមានប្រទេសចំនួន១១ និងមានប្រជាជនជាងកន្លះពាន់លាននាក់នេះ មានតួលេខប្រជាជនវ័យក្មេងភាគច្រើន ហើយការប្រើប្រាស់ស្មាតហ្វូនបានរីករាលដាល និងមានការកើនឡើងនៃវណ្ណៈកណ្តាល ដែលធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក្លាយជាទីផ្សារអ៊ីនធឺណិត ដ៏រីកលូតលាស់លឿនបំផុតរបស់ពិភពលោក៕

