អាមេរិក ៖ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Patrick Ryder កាលពីថ្ងៃអង្គារ (ទី៣១ ខែតុលា) បាននិយាយថា ក្នុងពេលពេលជម្លោះ ដែលកំពុងបន្តមាន រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស សហរដ្ឋអាមេរិកកំពុងបញ្ជូនទាហានបន្ថែមទៅកាន់តំបន់បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ដែលគ្របដណ្តប់លើតំបន់មជ្ឈិមបូព៌ា និងផ្នែកខ្លះនៃតំបន់អាហ្រ្វិក។
លោក Ryder បាននិយាយថា កងទ័ពទាំងនេះ នឹងជួយផ្តល់នូវសមត្ថភាពនានា កម្ទេចអាវុធយុទ្ធភណ្ឌ ទំនាក់ទំនង និងជំនួយគាំទ្រផ្សេងទៀត សម្រាប់កងកម្លាំង ដែលមានរួចហើយនៅក្នុងតំបន់។ តែលោកបានបញ្ជាក់ថា ទាហានអាមេរិកបន្ថែមនេះ នឹងមិនទៅប្រទេសអ៊ីស្រាអែលទេ។
នៅពេលថ្លែងសុន្ទរកថា ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ លោក Ryder បាននិយាយថា៖ «ខ្ញុំអាចប្រកាសពីការសម្រេចដាក់ពង្រាយទាហាន ៣០០នាក់បន្ថែមទៀតទៅកាន់តំបន់បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ពីមូលដ្ឋាននៅទ្វីបអាមេរិក។ កងទ័ពបន្ថែមទាំងនេះ នឹងជួយផ្តល់នូវសមត្ថភាពនានា កម្ទេចអាវុធយុទ្ធភណ្ឌ ទំនាក់ទំនង និងជំនួយគាំទ្រផ្សេងទៀត សម្រាប់កងកម្លាំងដែលមានរួចហើយនៅក្នុងតំបន់នេះ»។
សូមបញ្ជាក់ថា តំបន់ដែលត្រូវបានត្រួតពិនិត្យដោយទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក គ្របដណ្តប់លើប្រទេសចំនួន ២០ ដែលរួមមានប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន បណ្ដាប្រទេសនៃឧបទ្វីបអារ៉ាប់ និងសមុទ្រក្រហមខាងជើង និងសាធារណរដ្ឋចំនួន៥ នៃអាស៊ីកណ្តាល៕

