អ៊ីស្រាអែល៖ ប្រធានសភាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទថា ការបោះឆ្នោតក្នុងការអនុម័តបង្កើតរដ្ឋាភិបាលថ្មី ដែលនឹងបញ្ចប់របបដឹកនាំរយៈពេល ១២ឆ្នាំរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu នឹងត្រូវធ្វើឡើងនៅក្នុងសប្ដាហ៍ខាងមុខ ដោយពុំបានកំណត់កាលបរិច្ឆេទច្បាស់លាស់ទេដោយគ្រាន់តែបញ្ជាក់ថា សភាអ៊ីស្រាអែលនឹងបោះឆ្នោតអនុម័តបង្កើតរដ្ឋាភិបាលថ្មីនៅថ្ងៃទី១៤ ខែមិថុនាខាងមុខ។

ការប្រកាសរបស់លោក Yariv Levin ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Netanyahu ទុកពេលវេលាសម្រាប់កិច្ចប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រី ដើម្បីព្យាយាមបំបែកអ្នកគាំទ្រចេញពីក្រុមចម្រុះដ៏ផុយស្រួយ ដែលងាកមកប្រឆាំងនឹងលោកដែលមានគណបក្សចំនួន ៨ និងមានសំឡេងភាគច្រើនតិចតួចនៅក្នុងសភា ដែលមានសមាជិក ១២០រូបរបស់អ៊ីស្រាអែល។ ក្រុមអ្នកគាំទ្ររបស់លោក Netanyahu បានចាប់ផ្ដើមធ្វើយុទ្ធនាការដ៏ក្ដៅគគុក ប្រឆាំងនឹងគូប្រជែងរបស់លោករួមទាំងការគំរាមសម្លាប់ និងការតវ៉ាប្រឆាំងនៅខាងក្រៅគេហដ្ឋានរបស់ពួកគេ ដែលបានបង្ខំឲ្យសភាបង្កើនការតាមដានព័ត៌មានសន្តិសុខរបស់ពួកគេ។ លោក Netanyahu បានចោទប្រកាន់សម្ព័ន្ធមិត្តស្ដាំនិយមរបស់លោក ពីបទក្បត់ជាតិចំពោះការទាក់ទងជាមួយនឹងពួកឆ្វេងនិយម និងគណបក្សអារ៉ាប់តូចមួយ ដែលលោកបានជួបពិភាក្សាគ្នាផងដែរ៕
អត្ថបទ៖ សុខមាន