ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានថ្លែងអំណរគុណចំពោះសមានចិត្តរបស់អាមេរិក ដែលបានជួយបណ្តុះបណ្តាលជំនាញយោធាកម្ពុជា នាពេលកន្លងទៅ ជាពិសេសការហ្វឹកហ្វឺនដល់កងកម្លាំងរក្សាសន្តិភាពកម្ពុជាក្រោមឆត្រអង្គការសហប្រជាជាតិ ដែលជំនាញនេះ បានធ្វើឲ្យកម្ពុជាមានមុខមានមាត់លើឆាកអន្តរជាតិនោះ។
ការថ្លែងអំណរគុណរបស់ប្រមុខការពារជាតិកម្ពុជានេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយលោក វរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា នាយការិយាល័យអនុព័ន្ធយោធាអាមេរិក ដែលត្រូវបានចប់អាណត្តិបេសកកម្មនៅកម្ពុជា និងនាយការិយាល័យអនុព័ន្ធយោធាអាមេរិកប្រចាំនៅកម្ពុជាថ្មី នារសៀលថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០២១នេះ នៅវិមានសន្តិភាព។
សម្តេចពិជ័យសេនាទៀ បាញ់ បានលើកឡើងថាក្នុងអំឡុងបេសកកម្មរបស់លោកម៉ាកូស ហ្វេរ៉ារ៉ា នាពេលកន្លងទៅមានលទ្ធផលជាផ្លែផ្កា រក្សាបាននូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងកងទ័ពនៃប្រទេសទាំងពីរ(កម្ពុជា-កងទ័ពអាមេរិក)។
នៅក្នុងកិច្ចជំនួបនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះសមានចិត្ត និងសកម្មភាពជាច្រើនរបស់អាមេរិក ដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជា នាពេលកន្លងមក ដូចជា ដំណើរស្វែងរកសន្តិភាព ការទទួលនាយទាហានកម្ពុជាទៅបណ្តុះបណ្តាលនៅអាមេរិក ដើម្បីលើកកម្ពស់ផ្នែកធនធានមនុស្សក្នុងជូរកងទ័ព និងធ្វើឲ្យកងទ័ពកម្ពុជាបានទទួលបទពិសោធន៍ល្អៗលើជំនាញនានាជាដើម។
សម្តេចពិជ័យសេនា បានលើកឡើងទៀតថា«សូមថ្លែងអំណរគុណចំពោះអាមេរិក ជួយគាំទ្រដល់កងយោធពលខេមរភូមិន្ទ នាពេលកន្លងមក ដូចជា ការហ្វឹកហ្វឺនពហុសាសន៍នៅទីលានបាញ់គ្រាប់ពិត អាស៊ីអូ ការរៀបចំលំហាត់ហ្វឹកហ្វឺនពហុសាសន៍ GPOI ការបញ្ជូនយោធាចារ្យជួយហ្វឹកហ្វឺនដល់កងកម្លាំងរក្សាសន្តិភាពកម្ពុជាក្រោមឆត្រអង្គការសហប្រជាជាតិ ដែលជំនាញទាំងនេះបានធ្វើឲ្យកងទ័ពកម្ពុជា មានភាពល្បីល្បាញ និងមានមុខមានមាត់លើឆាកអន្តរជាតិរហូតដល់នាពេលបច្ចុប្បន្ននេះ»។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរលោក វរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា បានសម្ដែងអំណរគុណចំពោះ សម្តេចពិជ័យសេនាទៀ បាញ់ ដែលបានអនុញ្ញាតឲ្យលោក និងក្រុមការងារចូលជួបសម្តែងការគួរសម និងជម្រាបលា រួមទាំងបង្ហាញមុខអនុព័ន្ធយោធាអាមេរិកថ្មីនាពេលនេះ។
លោកម៉ាកូស ហ្វេរ៉ារ៉ា ក៏បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិកម្ពុជា ក៏ដូចជាយោធិនកម្ពុជាទាំងអស់ ដែលបានគាំទ្រកិច្ចសហប្រតិបត្តិការការងារបានយ៉ាងល្អជាមួយកងទ័ពអាមេរិកនាពេលកន្លងទៅ ហើយតាមរយៈកិច្ចសហការនេះបានរក្សានូវចំណងមិត្តភាពរវាងកងទ័ពកម្ពុជា និងអាមេរិកកាន់តែល្អប្រសើបន្ថែមទៀតផងដែរ។
យ៉ាងណាក៏ដោយនៅក្នុងកិច្ចជំនួបរបស់ប្រមុខការពារជាតិកម្ពុជា ជាមួយលោកម៉ាកូស ហ្វេរ៉ារ៉ា អនុព័ន្ធយោធាអាមេរិកនេះ ពុំបាននិយាយអំពីកាលកំណត់វេលា នៃដំណើរទស្សនកិច្ចរបស់យោធាអាមេរិក ឬមន្ត្រីទូតអាមេរិកប្រចាំនៅកម្ពុជា នៅក្នុងតំបន់មួយចំនួននៃសមុទ្ររាមកម្ពុជានោះឡើយ ខណៈនៅក្នុងកិច្ចជំនួបភាគីទាំងពីរបាន អះអាងថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពកម្ពុជា និងអាមេរិក នឹងកាន់តែល្អប្រសើរបន្ថែមទៀត នៅក្នុងអាណត្តិថ្មីរបស់អនុព័ន្ធយោធាអាមេរិកប្រចាំនៅកម្ពុជានេះ៕
អត្ថបទបាន ចក់