
ទស្សនីយភាពនៃពិធីបុណ្យហាឡូវីន (Halloween) ត្រូវបានឃើញប្រារព្ធ កាលពីថ្ងៃអង្គារ (ទី៣១ ខែតុលា) នៅគ្រប់ទីកន្លែងនៃទីក្រុង West Hollywood របស់សហរដ្ឋអាមេរិក ខណៈដែលពិធីបុណ្យជានិមិត្តរូបដ៏ល្បីល្បាញមួយនេះ បានវិលត្រឡប់មកទីក្រុងនេះវិញ បន្ទាប់ពីត្រូវបានផ្អាករយៈពេល ៣ឆ្នាំ។
អ្នកចូលរួមរាប់ពាន់នាក់ ដែលពោរពេញទៅដោយភាពរំភើបរីករាយ បានដើរដង្ហែក្បួន ដែលមានចម្ងាយប្រវែង ១ម៉ាយល៍ (១,៦គីឡូម៉ែត្រ) នៅលើមហាវិថី Santa Monica ដើម្បីអបអរសាទរការជួបជុំជាសាធារណៈ ដែលត្រូវបានលុបចោល អំឡុងការរាតត្បាតពីជំងឺកូវីដ-១៩។ យោងតាមស្ថិតិទីក្រុង បានឲ្យដឹងថា ព្រឹត្តិការណ៍ ដែលធ្លាប់តែជាការរៀបចំសម្រាប់មូលដ្ឋាននោះ ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា ហើយឥឡូវនេះស្វាគមន៍ភ្ញៀវមកពីគ្រប់ទិសទីជុំវិញពិភពលោក គិតចាប់តាំងពីពិធីបុណ្យនេះ បានចាប់ផ្តើមលេចរូបរាងឡើង នៅឆ្នាំ១៩៨៧។
ការតុបតែងខ្លួនប្លែកៗ ត្រូវបានឃើញនៅពាសពេញដងផ្លូវ ខណៈដែលព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មាននូវទស្សនីយភាពកម្សាន្តជាច្រើន ដូចជាការប្រគំតន្ត្រី ការលក់ម្ហូមអាហារតាមរថយន្ត និងការសម្តែងលើឆាក។ ជាមួយនឹងការតុបតែងខ្លួនប្លែកៗ ដែលមានរាប់តាំងពីតុក្កតាបាប៊ី និងខេន រហូតដល់ប្រេតអសុរកាយ ខ្មោច និងម្រេញគង្វាល អ្នកចូលរួមបាននាំគ្នាដើរជាក្បួនក្នុងការជួបជុំដ៏គួរព្រឺព្រួចបំផុតរបស់ពួកគេនេះ។
តែយ៉ាងណាក្ដី ព្រឹត្តិការណ៍ដែលមានមនុស្សរាប់ពាន់នាក់ចូលរួមនេះ ឃើញថា មានការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង ដោយមន្ត្រីនគរបាលដើរល្បាតតាមក្បួនដង្ហែជាប់មិនដាច់៕