
ស្នងការជាន់ខ្ពស់របស់ចក្រភពអង់គ្លេសនៅទីក្រុងណៃរ៉ូប៊ី បាននិយាយកាលពីថ្ងៃអង្គារថា ប្រជាជនកេនយ៉ាភាគច្រើនផ្តោតលើអនាគត ហើយមិនស្វែងរកការសុំទោសចំពោះការរំលោភបំពានក្នុងសម័យអាណានិគមទេ ខណៈដែលព្រះមហាក្សត្រ Charles និងរាជអគ្គមហេសី Camilla បានចាប់ផ្តើមព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ពហរះអង្គ ទៅកាន់ប្រទេសកេនយ៉ា។
ព្រះមហាក្សត្រ និងម្ចាស់ក្សត្រី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយលោក វីល្លៀម រ៉ូតូ ( William Ruto) ប្រធានាធិបតីនៃប្រទេសកេនយ៉ា និងភរិយារបស់គាត់ គឺលោកស្រី Rachel Ruto ដែលជាស្ត្រីទីមួយ នៅឯវិមានរដ្ឋក្នុងរដ្ឋធានី ដែលជាការចាប់ផ្តើមជាផ្លូវការនៃព្រះរាជដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃរបស់ព្រះអង្គ។
ព្រះរាជដំណើរទស្សនកិច្ចនេះ ត្រូវបានគំរាមកំហែងថា នឹងគ្របដណ្តប់ដោយការទាមទារឲ្យមានការសុំទោសចំពោះអំពើឃោរឃៅដែលធ្វើឡើងដោយអាជ្ញាធរអង់គ្លេសក្នុងអំឡុងពេលការបង្ក្រាបការបះបោរ Mau Mau ក្នុងទសវត្សរ៍ឆ្នាំ ១៩៥០។
ព្រះមហាក្សត្រ ចង់ប្រើព្រះរាជដំណើរទស្សនកិច្ចនេះ ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅអំពីអំពើខុសឆ្គងដែលបានប្រព្រឹត្តប្រឆាំងនឹងជនជាតិកេនយ៉ា ដោយរដ្ឋាភិបាលអាណានិគមនៅដើមឆ្នាំនៃរជ្ជកាលនៃព្រះមាតារបស់ព្រះអង្គ។