
កងទ័ពអ៊ីស្រាអែល បានវាយកម្ទេចលំនៅឋានរបស់មេដឹកនាំក្រុមហាម៉ាសដែលនិរទេសខ្លួនលេខ២ឈ្មោះ Saleh al-Aruri នៅតំបន់វេសបែងជាមួយនឹងគ្រឿងផ្ទុះ កាលពីថ្ងៃអង្គារ ខណៈដែលសង្រ្គាម បានផ្ទុះឡើងជាមួយក្រុមឥស្លាមនិយម នៅតំបន់ហ្កាហ្សា។
យោធាអ៊ីស្រាអែល បាននិយាយថា កងកម្លាំងបានចូលទៅក្នុងភូមិ Arura ក្បែរទីក្រុង Ramallah ហើយបានបាញ់ទៅលើមនុស្សដែលកំពុង «គប់ដុំថ្ម»សំដៅទៅលើពួកគេ ក្នុងអំឡុងពេលវាយកម្ទេចនោះ។
Aruri ត្រូវបានអ៊ីស្រាអែលចោទប្រកាន់ថាជាអ្នកគ្រប់គ្រងការវាយប្រហារជាច្រើន។ គេត្រូវបានជ្រើសរើសជាអនុប្រធានក្រុមហាម៉ាស Ismail Haniyeh ក្នុងឆ្នាំ ២០១៧ មុនពេលត្រូវបានគេដាក់ឈ្មោះជាផ្លូវការថាជាលេខ២ របស់ក្រុមនេះ។
អ្នកកាសែត AFP ម្នាក់ បានឃើញផ្ទះបាក់បែកនៅភូមិ Arura ជាកន្លែងដែលក្មួយប្រុសរបស់ Aruri បាននិយាយថា វិធានការនេះ គឺចង់បំភិតបំភ័យប្រជាជននៅទីនេះ។