
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា សង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា នឹងមានរយៈពេលយូរ ប៉ុន្តែនឹងទទួលបានជ័យជម្នះ ដោយការលើកឡើងនេះ មាននៅក្នុងសេចក្តីថ្លែងការណ៍ ដែលលោកក៏បានធ្វើការកាន់ទុក្ខផងដែរ ចំពោះការបាត់បង់កងកម្លាំងយោធា ដែលកើនឡើងជាលំដាប់។
លោក Netanyahu បានប្រាប់ថា៖ «យើងកំពុងស្ថិតក្នុងស្ថានភាពសង្គ្រាមដ៏ស្វិតស្វាញ ហើយវានឹងក្លាយជាសង្រ្គាមដ៏យូរអង្វែងមួយ។ ខ្ញុំសូមសន្យាជាមួយពលរដ្ឋអ៊ីស្រាអែលទាំងអស់ថា យើងនឹងសម្រេចកិច្ចការនេះបាន។ យើងនឹងបន្តទៅមុខរហូតដល់ទទួលបានជ័យជម្នះ»។
យោធាអ៊ីស្រាអែល បាននិយាយថា ទាហាន ១១នាក់ ក៏ត្រូវបានសម្លាប់ផងដែរក្នុងការប្រយុទ្ធគ្នា នៅតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារម្សិលមិញ ដែលជាការបាត់បង់ដ៏ធំបំផុត ក្នុងរយៈពេលមួយថ្ងៃ សម្រាប់កងកម្លាំងប្រដាប់អាវុធ គិតចាប់តាំងពីខ្មាន់កាំភ្លើងរបស់ក្រុមហាម៉ាស បានវាយប្រហារភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់ទាហានប្រហែល ៣០០នាក់ និងជនស៊ីវិលប្រហែល ១.១០០នាក់។
វិទ្យុកងទ័ពអ៊ីស្រាអែល បានឲ្យដឹងថា អ្នកស្លាប់ភាគច្រើន គឺជាទាហានថ្មើរជើង ដែលរថយន្តរបស់ពួកគេត្រូវបានវាយប្រហារដោយមីស៊ីលប្រឆាំងរថពាសដែក៕