ភ្នំពេញ ៖ សមត្ថកិច្ចចមុ្រះបានរឹបអូសសាច់បង្កកខូចគុណភាព និងហួសកាលបរិច្ឆេទប្រមាណ៣.៥០០គីឡូក្រាម ក្រោយឆែកឆេរឃ្លាំងស្តុកទុក និងចែកចាយមួយកន្លែង ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈម្ចាស់ទីតាំងត្រូវបានឃាត់ខ្លួនយកទៅសាកសួរបន្ថែមដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
យោងតាមផេកហ្វេសបុកអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាប ការក្លែងបន្លំ ដែលហៅកាត់ថាCCF នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានឲ្យដឹងថា ក្រោយពីមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ និងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ លោកអគ្ករង ក.ប.ប. សហការជាមួយមន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ព្រមជាមួយនគរបាលសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះឆែកឆេរទីតាំងឃ្លាំងស្ដុក និងចែកចាយសាច់បង្កកមួយកន្លែងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការត្រួតពិនិត្យនោះមន្រ្តីជំនាញក.ប.ប.បានរកឃើញសាច់បង្កកហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៣,៥០០ គីឡូក្រាម ក្រោយពីបានរកឃើញមន្រ្តីជំនាញបានធ្វើការដកហូតយកម្ទេចចោលភ្លាមៗនៅទីតាំងចាក់សម្រាមខណ្ឌដង្កោផងដែរ។ តាមប្រភពដដែលបានបញ្ជាក់ផងដែរថា រីឯម្ចាស់ទីតាំងត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅបំភ្លឺនៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ អត្ថបទ ៖ បាន ចក់
រូបភាពផេកហ្វេសបុក ក.ប.ប













