
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានទៅដល់ប្រទេសកាហ្សាក់ស្ថានហើយ នៅថ្ងៃពុធ (ទី១ ខែវិច្ឆិកា)នេះ ដែលជាជើងទី១ នៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់អាស៊ីកណ្តាល ជាតំបន់មួយដែលត្រូវបានចាត់ទុកយូរមកហើយថា ជាដែនដីដ៏កៀកកិតរបស់រុស្ស៊ី ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីលោកខាងលិចជាថ្មី ចាប់តាំងពីជម្លោះនៅអ៊ុយក្រែន បានចាប់ផ្តើមផ្ទុះឡើង។
កាហ្សាក់ស្ថាន ដែលជាប្រទេសសម្បូរប្រេង បានលេចមុខរួចហើយ ក្នុងនាមជាអ្នកផ្គត់ផ្គង់ជំនួសនូវប្រេងឆៅទៅកាន់ប្រទេសតំបន់អឺរ៉ុប ដែលបញ្ឈប់ផ្គត់ផ្គង់របស់រុស្ស៊ី និងក្នុងនាមជាបណ្ដាញតភ្ជាប់ទំនាក់ទំនងដ៏សំខាន់មួយ នៅក្នុងផ្លូវពាណិជ្ជកម្មថ្មី រវាងប្រទេសចិន និងអឺរ៉ុប ដោយចៀសវាងឆ្លងកាត់តាមរុស្ស៊ី។
ក្នុងជំនួបមួយជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokaev លោក Macron បានសរសើរទីក្រុងអាស្តាណា ដែលបដិសេធមិនឈរខាងទីក្រុងម៉ូស្គូលើបញ្ហាសង្គ្រាមអ៊ុយក្រែន ហើយបាននិយាយថា ប្រទេសទាំង២ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗ។
រុស្ស៊ីបានសម្តែងការបារម្ភម្តងហើយម្តងទៀត ចំពោះសកម្មភាពការទូត ដែលកំពុងតែកើនឡើងរបស់បស្ចិមប្រទេស នៅក្នុងបណ្តាប្រទេសអាស៊ីកណ្តាល ដែលជាអតីតប្រទេសសហភាពសូវៀត។
កាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន ជាកន្លែងដែលលោក Macron នឹងធ្វើដំណើរទៅនាពេលបន្ទាប់នោះ បានបដិសេធមិនទទួលស្គាល់ការបញ្ចូលជាឧបសម្ព័ន្ធនូវដែនដីអ៊ុយក្រែនពីសំណាក់រុស្ស៊ីឡើយ ហើយបានសន្យាថា នឹងគោរពតាមការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងទីក្រុងម៉ូស្គូ ខណៈដែលហៅទាំងរុស្ស៊ី និងប្រទេសលោកខាងលិច ដូចជាបារាំងជាដើមថា ជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេ៕