សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបញ្ជាក់ថា ប្រទេសជាតិប្រៀបដូចភោជនីយដ្ឋាន ឬ ហាងមួយដែរ ដើម្បីជោគជ័យ ត្រូវមានអតិថិជនច្រើន មានចំណូលច្រើន និងពង្រីកសាខាទៅកាន់តំបន់ផ្សេងៗ ដើម្បីជោគជ័យទាំង នេះ គឺត្រូវមានសុខសុវត្ថិភាព មានផាសុខភាព ការធ្វើដំណើរងាយស្រួល បរិស្ថានរស់នៅ និងការបំពេញការងារស្រួល ព្រមទាំងពលរដ្ឋមានភាពរួសរាយរាក់ទាក់ មានសុខភាពល្អ មានជំនាញវិជ្ជាជីវៈ មានសមត្ថភាពគ្រប់គ្រាន់បំពេញគ្រប់តម្រូវការ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីថ្លែងបែបនេះនៅក្នុងឱកាសសម្ដេចអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

