សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវផែនការសកម្មភាពក្នុងរយៈពេលពីរឆ្នាំខាងមុខឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យកចិត្តទុកដាក់អនុវត្តលើការងារអាទិភាពចំនួន ៤ បន្ថែមទៀត ក្នុងនោះរួមមាន៖
១៖ សហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ព័ន្ធនានា។
២៖ សហការជាមួយភាគីពាក់ព័ន្ធជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រ ដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត និងតម្រូវឱ្យមានការរៀបចំកន្លែងហូបបាយ ឬអាហារដ្ឋានសម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី។
៣៖ សហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរជាបណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និង ផាសុខភាពជាងមុនត្រឹមឆ្នាំ២០២៧។
៤៖ ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់កម្មករនិយោជិត ទាំងក្នុង និងក្រៅប្រទេសអាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញរបស់ខ្លួនផងដែរ។
