កណ្ដាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលគឺបានដាក់ចេញច្បាស់លាស់ ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូល មិនចេះតែនឹកឃើញ និងឆក់កណ្ដៀតដូចអ្នកអង្គុយចាំរិះគន់នោះទេ។
ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីបែបនេះ គឺចង់ចំអកឲ្យក្រុមអ្នកវិភាគមួយក្តាប់តូច ដែលបានរិះគន់ដល់សម្តេចធិបតីថា បានកាន់តំណែងជានាយករដ្ឋមន្រ្តី ក្នុងរយៈពេលពីរខែមកនេះគឺគ្មាន ធ្វើអ្វីសោះក្រៅពីដើរនិយាយ និងដើរជួបកម្មករ និយោជិតនោះ។
ក្នុងឱកាសបន្តចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតមកពីតាមបណ្តារោងចក្រនានានៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មានអ្នកអង្គុយរិះគន់ដល់សម្តេចថា មិនបានធ្វើអ្វីសោះក្នុងរយៈពេលពីរខែ មកនេះ គិតតែពីដើរនិយាយ ដូច្នេះសម្តេច បានឆ្លើយទៅពួកទាំងនោះវិញថា ការដើរនិយាយរបស់សម្តេចនេះ គឺជាការផ្សព្វផ្សាយអំពីគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលបន្ទាប់មកគឺអនុវត្តជាក់ស្តែងតែម្តង ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ មិនចេះតែនឹកឃើញ និងឆក់កណ្ដៀតតាមអារម្មណ៍ដូចអ្នកអង្គុយរិះគន់នោះទេ។
នៅក្នុងឱកាសនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ប្រជាពលរដ្ឋគឺជាជោគវាសនារបស់ប្រទេស ដូច្នេះរាជរដ្ឋាភិបាលគ្មានអ្វីក្រៅពីធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរីកចម្រើន និងមានបានកាន់តែច្រើននោះទេ ខណៈរយៈពេលពីរខែ ដែលសម្តេចធ្វើជានាយករដ្ឋមន្រ្តីនេះ គឺបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ដើម្បីជាប្រទីពដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនបន្ថែមទៀត នេះហើយគឺជាកម្រិតនយោបាយរបស់រាជរដ្ឋាភិបាលដែលត្រូវដាក់ចេញ៕ អត្ថបទ៖ បាន ចក់





