ស្ទឹងត្រែង ៖ មន្ទីរកសិកម្ម ខេត្តស្ទឹងត្រែង បានផ្ដល់ពូជដំណាំចំនួនបីប្រភេទ និងពូជស្រូវរំដួល ដល់កសិករ ចំនួន១៥០គ្រួសារ ក្នុងស្រុកថាឡាបរិវ៉ាត់ ដើម្បីពង្រីកការដាំដុះ បង្កើនសេដ្ឋកិច្ចគ្រួសារ។
ក្នុងពិធីផ្តល់ពូជដំណាំ និងពូជស្រូវរំដួល ដល់កសិករនៅក្នុងស្រុកថាឡាបរិវ៉ាត់ កាលពីម្សិលមិញ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា រដូវវស្សាមកដល់ហើយ ដូច្នេះការផ្តល់ពូជ ដំណាំ និងពូជស្រូវ ជូនប្រជាកសិករ ជាធនធានមួយ ព្រោះនៅពេលដែលដាំលូតលាស់ល្អ នឹងអាចរៀបចំ បណ្តុះពូជ ចែករំលែកបន្តទៅដល់កសិករផ្សេងៗទៀត។
ឯកឧត្តម បានស្នើឲ្យមន្ត្រីជំនាញផ្នែកបច្ចេកទេសកសិកម្ម ជួយពន្យល់ពីបច្ចេកទេសដាំដុះបន្ថែម ដល់កសិករ ឱ្យបានយល់ច្បាស់ ដើម្បីដាំដុះទទួលបានទិន្នផលខ្ពស់។
លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ទាំងជី និងពូជកូនស្វាយចន្ទី ក្រូចពោធិ៍សាត់ ពូជឫស្សីផ្អែម និងពូជស្រូវរំដួលនេះ មន្ត្រីជំនាញ បានផ្ដល់បច្ចេកទេសដាំដុះរួចហើយ។
លោក ឆិល វិបុល មន្ត្រីបច្ចេកទេសផ្នែកកសិកម្ម បានបញ្ជាក់បន្ថែមថា ការដាំដុះ កសិករ ត្រូវតែ អនុវត្តតាមបច្ចេកទេស ដូចជា ការជ្រើសរើសទីតាំង ការជីករណ្តៅ ការថែទាំ និងរបៀបធ្វើដី និងប្រើប្រាស់ជី ធម្មជាតិ ជាដើម៕
អត្ថបទ៖ មាស ផល្លា