
កណ្ដាល៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគប្បីសហការជាមួយវិស័យឯកជន ដើម្បីធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋអំពីគោលនយោបាយ នៃកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ជាពិសេសជួយសម្រួលភាពងាយស្រួលដល់កម្មករ-កម្មការិនី ដែលកំពុងបំពេញការងារតាមរោងចក្រសហគ្រាសនានា អាចមានពេលវេលាគ្រប់គ្រាន់ទទួលបានការបណ្ដុះបណ្ដាលនេះ សំដៅបង្កើនសមត្ថភាពវិជ្ជាជីវៈដល់ពួកគាត់បន្ថែមទៀត។
ក្នុងឱកាសបន្តចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតមកពីតាមបណ្តារោងចក្រនានានៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជន ជាពិសេសគឺគ្រួសារកីក្រតែម្តង ដោយត្រូវឲ្យពួកគាត់បានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលជំនាញសំខាន់ៗ ដែលបានដាក់ចេញនាពេលកន្លងមក គឺផ្ដោតរៀន ចប់ ចេះ មានការងារធ្វើ និងចំគោលដៅ។
សូមបញ្ជាក់ថា គ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនជាងមួយលានប្រាំសែននាក់ ដែលរាជរដ្ឋាភិបាលកំណត់ថា នឹងធ្វើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ពួកគាត់ដោយមិនគិតលុយនោះឡើយ ហើយការបណ្តុះបណ្តាលដល់ពួកគាត់នោះគឺផ្តោតទៅលើវិស័យចំនួន១០ ក្នុងនោះ មានមុខជំនាញជិត ៤០ជំនាញ៕អត្ថបទបាន ចក់